ចិន៖ ប្រាំថ្ងៃមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រជាជនចិនកាន់តែច្រើន បានធ្វើដំណើរត្រលប់ទៅស្រុកកំណើតរបស់ពួកគេវិញយ៉ាងប្រញាប់ប្រញាល់ ទោះបីជាមានការអំពាវនាវរបស់រដ្ឋាភិបាលឱ្យសម្រាកវិស្សមកាល នៅកន្លែងដែលពួកគេធ្វើការក៏ដោយដោយសារតែការរីករាលដាលវីរុសបម្លែងខ្លួនថ្មី Omicron។

ស្ថិតិផ្លូវការបង្ហាញថា ចាប់តាំងពីថ្ងៃទី១៧ ខែមករា មានប្រជាជនធ្វើដំណើរចំនួន ២៦០លាននាក់នៅទូទាំងប្រទេសកើនឡើង ៤៦% ធៀបនឹងឆ្នាំមុន ប៉ុន្តែនៅតែទាបជាងឆ្នាំ២០១៩ មុនពេលការផ្ទុះឡើងវីរុសកូរ៉ូណា។ រដ្ឋធានីប្រទេសចិនបានបង្កើនវិធានការឆ្លើយតប ទៅនឹងជំងឺរាតត្បាតតឹងរ៉ឹងរបស់ប្រទេសសម្រាប់ថ្ងៃឈប់សម្រាក។ ប្រទេសចិនបានរាយការណ៍ករណីក្នុងស្រុកថ្មីចំនួន ៦៤ករណីនៅក្នុងតំបន់ផ្សេងៗរួមទាំងទីក្រុងប៉េកាំង ជាកន្លែងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នឹងចាប់ផ្តើមក្នុងរយៈពេលមួយសប្តាហ៍ទៀត។
ការកើនឡើងនេះបានដាក់សម្ពាធលើអាជ្ញាធរ ក្នុងការទប់ស្កាត់ការចម្លងវីរុសតាមរយៈអ្នកធ្វើដំណើរ។ រដ្ឋាភិបាលក្នុងតំបន់កំពុងលើកទឹកចិត្តប្រជាជនកុំឱ្យធ្វើដំណើរ ហើយអ្នកដែលកំពុងធ្វើដំណើរតម្រូវឱ្យធ្វើតេស្ដអវិជ្ជមានវីរុសក្នុងរយៈពេល ៤៨ម៉ោងមុនពេលចេញដំណើរ។ នាង Sun Jinle បុគ្គលិកធនាគារនៅទីក្រុងប៉េកាំងមានស្រុកកំណើតនៅទីក្រុង Qinhuangdao ខេត្ត Hebei បាននិយាយថា ខ្ញុំបានទូរស័ព្ទទៅលេខទូរសព្ទបន្ទាន់របស់រដ្ឋាភិបាលនៅស្រុកកំណើត ហើយពួកគេបាននិយាយថា ខ្ញុំអាចត្រឡប់ទៅវិញបានដរាបណាលេខកូដសុខភាពរបស់ខ្ញុំមានពណ៌បៃតង៕
អត្ថបទ៖ ប៊ុនថន