អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃកន្លងទៅនេះ ឃើញមានប្រជាពលរដ្ឋជាច្រើននាក់បានទាក់ទងមកកាន់ក្រសួងតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ដើម្បីស្វែងរកការងារធ្វើ ខណៈដែលឱកាសការងារក្នុងស្រុកនៅសល់រាប់ម៉ឺនកន្លែងបន្ថែមទៀតកំពុងរង់ចាំ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះបានមានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវីឱ្យដឹងថា គិតត្រឹមចុងសប្តាហ៍កន្លងទៅ ឱកាសការងារនៅកម្ពុជាប្រមាណជាង ៨ម៉ឺនកន្លែងផ្សេងទៀត តាមរយៈរោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលមានចុះបញ្ជីជាមួយក្រសួងការងារ ប៉ុន្តែឱកាសការងារទាំងនេះមិនទាន់រាប់បញ្ចូលឱកាសការងារតាមវិស័យផ្សេងៗដែលមិនទាន់បានចុះបញ្ជីរៀបរយជាមួយស្ថាប័នរាជរដ្ឋាភិបាលនៅឡើយទេ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មគ្រួសារផ្សេងៗទៀតផងដែរ។

លោកបានបន្តថា បច្ចុប្បន្ននេះឱកាសការងារនៅកម្ពុជាបន្តមានច្រើន ហើយទន្ទឹមនេះក្រសួងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋត្រឡប់មកពីប្រទេសថៃ បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ សូមអញ្ជើញទាក់ទងទៅកាន់លេខ ១២៩៧ របស់ក្រសួងការងារ ដែលរង់ចាំក្នុងការផ្តល់ការងារ និងស្វែងរកការងារថ្មីជូន ខណៈទាំងលេខ១២៩៧ ក៏ដូចជាតាមរយៈបណ្តាញសង្គម និងផេកផ្លូវការនានារបស់ក្រសួងការងារទាំងអស់ គឺរង់ចាំឆ្លើយតប៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីធ្វើយ៉ាងណាស្វែងរកការងារ ដើម្បីដោះស្រាយបញ្ហាជីវភាព។
អ្នកនាំពាក្យរូបនេះ ក៏បានបន្តអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋមួយចំនួន សូមកុំធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃបន្តទៀត ដោយគួរស្វែងរកការងារក្នុងស្រុកវិញល្អជាង ខណៈនៅសល់ការងារជាច្រើនម៉ឺនកន្លែងទៀតកំពុងរង់ចាំ។

គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឱកាសការងារនៅសល់ចំនួនជាង ៨ម៉ឺន ៤ពាន់កន្លែងទៀត នូវរង់ចាំប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម។ ក្នុងនោះ សម្រាប់នៅរាជធានីភ្នំពេញ មានឱកាសការងារច្រើនជាងគេរហូតដល់ជិត ៣ម៉ឺនកន្លែង បន្ទាប់មកខេត្តកំពង់ស្ពឺជាង ២ម៉ឺនកន្លែង, ខេត្តកណ្ដាលចំនួនជាង ៩ពាន់កន្លែង, ខេត្តតាកែវជាង ៦ពាន់កន្លែង, ខេត្តស្វាយរៀងជាង ៥ពាន់កន្លែង និងព្រះសីហនុចំនួនជាង ៣ ២០០កន្លែង៕ អត្ថបទ៖ ឈិត បូរ៉ាវី




