នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានលើកឡើងកាលពីថ្ងៃអង្គារ (២៣ កញ្ញា) ថា លោកបានធ្វើកិច្ចពិភាក្សាពាណិជ្ជកម្ម "ប្រកបដោយភាពស្ថាបនា" ជាមួយលោកនាយករដ្ឋមន្ត្រីចិន Li Qiang ហើយគិតថា កិច្ចសន្ទនានឹងកាន់តែស៊ីជម្រៅថែមទៀតនៅពេលខាងមុខ ខណៈប្រទេសទាំងពីរស្វះស្វែងរកផ្លូវចេញពីជម្លោះពន្ធគយ ហើយលោក Carney ក៏រំពឹងថានឹងជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping នៅពេលសមស្របមួយ។

កាណាដា-ចិន កំពុងប្រឹងប្រែងជួសជុលទំនាក់ទំនង ក្រោយសម្ព័ន្ធភាពហាក់យ៉ាប់យ៉ឺន បន្ទាប់ពីកាណាដាដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីផលិតដោយចិន ក៏ដូចជាដែកថែប និងអាលុយមីញ៉ូមរបស់ចិន កាលពីឆ្នាំមុន។ រដ្ឋាភិបាលក្រុងប៉េកាំង បានវាយបកវិញដោយការយកពន្ធសន្ធឹកសន្ធាប់លើការនាំចូលដំណាំផលិតប្រេងឆាកាណូឡា របស់កាណាដា ប៉ុន្តែនិយាយថា ពន្ធជាជំហានបឋមប៉ុណ្ណោះ ដោយបើកទ្វារចំហសម្រាប់ការសន្ទនាបន្ថែមទៀត។
លោក Carney បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា លោកមាន "ការពិភាក្សាប្រកបដោយភាពស្ថាបនា" ជាមួយមន្ត្រីចិន។ លោកក៏បានបង្ហាញក្ដីរំពឹងថា នៅពេលសមស្របណាមួយ រូបលោកនឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping"។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា លោក Li បានប្រាប់លោក Carney ថា លោកសង្ឃឹមថាកាណាដានឹងបង្កើតការយល់ដឹង "ត្រឹមត្រូវ" អំពីប្រទេសចិន គោរពផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក និងក្រាលមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕

