រដូវស្លឹកឈើជ្រុះ (សរទរដូវ) ដែលចាប់ផ្ដើមក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ របស់អ៊ុយក្រែន ត្រូវបានក្រុមអ្នកវិភាគយោធារំពឹងថា នឹងនាំមកនូវការសាកល្បងដ៏ឃោរឃៅមួយផ្សេងទៀតសម្រាប់កងកម្លាំងប្រដាប់អាវុធទីក្រុងគីវ ខណៈរុស្ស៊ី បង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីក្រសោបតំបន់ភាគខាងកើតទាំងមូល ដែលជាតំបន់ឧស្សាហកម្មដ៏សំខាន់របស់អ៊ុយក្រែន ដែលទីក្រុងមូស្គូ ចង់បានជាយូរមកហើយ។

យោងតាមផែនទីប្រភពបើកចំហបង្ហាញថា ឥឡូវនេះ រុស្ស៊ីគ្រប់គ្រងប្រហែល ៧០% នៃតំបន់ Donetsk របស់អ៊ុយក្រែនទៅហើយ។ កងកម្លាំងអ៊ុយក្រែន ត្រូវបានរុញច្រានត្រឡប់ទៅជាយក្រុងចំនួន៤ ដែលអ្នកវិភាគឱ្យឈ្មោះថា "ខ្សែក្រវាត់បន្ទាយ" ស្របពេលពួកគេប្រឹងប្រែងវាយបកទៅវិញដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ក្នុងការដណ្តើមយកតំបន់នេះអស់ជាច្រើនឆ្នាំ។
ប៉ុន្តែអ្នកវិភាគព្រមានថា ការខ្វះខាតកម្លាំងទ័ព គ្រឿងផ្គត់ផ្គង់ និងការគ្រប់គ្រងដ៏ច្របូកច្របល់ កំពុងបង្កការលំបាកកាន់តែខ្លាំងឡើងក្នុងការទប់ទល់នឹងសម្ពាធឥតឈប់ឈររបស់រុស្ស៊ីនៅតំបន់នោះ។ ខណៈសង្រ្គាមជាង ៣ឆ្នាំនៅតែបន្ត ហើយកិច្ចប្រឹងប្រែងសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិកជាច្រើនខែមិនទាន់មានផ្លែផ្កា អ្នកវិភាគយោធានិយាយថា អ៊ុយក្រែនអាចលំបាកខ្លាំងដើម្បីទប់ទល់នឹងការវាយរុញដ៏ធំពីសំណាក់រុស្ស៊ី ដើម្បីដណ្តើមយកទីក្រុងចុងក្រោយនៅ Donetsk ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែននៅឡើយ។
អ្នកវិភាគ និងមន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៊ីទំនងជាមិនចូលរួមក្នុងសមរភូមិទីក្រុងបែបអូសបន្លាយនោះទេ ហើយជៀសវាងការប្រយុទ្ធដែលបង់ខាតច្រើនដូចនៅតំបន់ Bakhmut ដែលអូសបន្លាយអស់ជាច្រើនខែ ជាមួយនឹងការខាតបង់យ៉ាងសន្ធឹកសន្ធាប់ទាំងសងខាង។ ដើម្បីដណ្ដើមយកក្រុង កងកម្លាំងរុស្ស៊ី កំពុងវាយរុញផ្នែកខាងៗ និងប្រើយុទ្ធសាស្ត្រជ្រៀតចូលកាន់តែច្រើន ដោយបញ្ជូនទាហានក្រុមតូចៗតាមចន្លោះរវាងអង្គភាពអ៊ុយក្រែន ជាអ្វីដែលកងកម្លាំងទីក្រុងគីវ ពិបាកទប់ទល់៕

