យោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃបើកកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបាន «បំផ្លាញជាប្រព័ន្ធ» នូវជីវិតជនស៊ីវិលនៅទូទាំងតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ខណៈបង្ហាញពី «បំណងច្បាស់លាស់» ក្នុងការបណ្តេញពលរដ្ឋប៉ាឡេស្ទីនដោយបង្ខំចេញពីតំបន់កាន់កាប់ West Bank ដោយទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវលទ្ធភាពនៃរដ្ឋប៉ាឡេស្ទីនក្នុងពេលអនាគត ។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិស្តីពីដែនដីប៉ាឡេស្ទីន បានបញ្ជាក់អំពីផែនការរបស់អ៊ីស្រាអែលក្នុងការបំផ្លាញជីវិតពលរដ្ឋនៅតំបន់ហ្កាហ្សា និងពង្រីកតំបន់លំនៅឋានដោយខុសច្បាប់របស់ខ្លួននៅក្នុងដែនដីកាន់កាប់ ដោយនិយាយថាអ៊ីស្រាអែលកំពុងកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ផ្ទេរពលរដ្ឋប៉ាឡេស្ទីនម្តងហើយម្តងទៀតដោយបង្ខំឲ្យឆ្លងកាត់តំបន់ហ៊ុមព័ទ្ធ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។

របាយការណ៍នេះបាននិយាយថា «ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មន្រ្តីអ៊ីស្រាអែលបានបង្ហាញបំណងច្បាស់លាស់ក្នុងការបង្កើតការគ្រប់គ្រងផ្នែកយោធាអចិន្រ្តៃយ៍នៅតំបន់ហ្កាហ្សានិងដើម្បីផ្លាស់ប្តូរសមាសភាពប្រជាសាស្ត្ររបស់ខ្លួន» ។