អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានបញ្ជាឱ្យបិទគ្មានរយៈពេលកំណត់នូវស្ពាន King Hussein Bridge ដែលត្រូវបានគេស្គាល់ថាជាស្ពាន Allenby ដោយបញ្ឈប់ការឆ្លងកាត់ទំនិញ និងប្រជាជន តាមរយៈច្រកទ្វារតែមួយគត់រវាងតំបន់កាន់កាប់ West Bank និងប្រទេសហ្ស៊កដានី។

អាជ្ញាធរព្រំដែននិងច្រកឆ្លងកាត់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលនឹងបិទស្ពានឆ្លងកាត់ចាប់ពីថ្ងៃពុធនេះរហូតដល់មានការផ្តល់ព័ត៌មានបន្ថែម។ អង្គភាពសន្តិសុខសាធារណៈរបស់ប្រទេសហ្ស៊កដានី ក៏បានប្រកាសបិទផងដែរ ដោយនិយាយថាច្រកឆ្លងកាត់កំពុងត្រូវបានបិទ«ការធ្វើចរាចរណ៍របស់អ្នកដំណើរនិងទំនិញរហូតដល់មានការជូនដំណឹងបន្ថែម»។

ច្រកឆ្លងកាត់នេះ ជាច្រកចេញនិងជាច្រកចូលតែមួយគត់សម្រាប់ពលរដ្ឋប៉ាឡេស្ទីន ដែលមានបំណងធ្វើដំណើរនៅខាងក្រៅតំបន់ West Bank ត្រូវបានបើកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីច្រកនេះត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយការវាយប្រហារដ៏បង្ហូរឈាមកាលពីសប្តាហ៍មុន។
ពលរដ្ឋហ្ស៊កដានីម្នាក់ដែលធ្វើដំណើរក្នុងរថយន្តដឹកជំនួយមនុស្សធម៌ បានសម្លាប់ទាហានអ៊ីស្រាអែលពីរនាក់នៅច្រកឆ្លងកាត់គ្រប់គ្រងដោយអ៊ីស្រាអែលកាលពីសប្តាហ៍មុន។ ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស គឺកងពលQassam បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះ។