កាណាដា៖ នគរបាលនៅក្នុងរដ្ឋធានីរបស់ប្រទេសកាណាដាបានអំពាវនាវឱ្យមានការបន្ថែមកម្លាំង ខណៈអ្នកបើកបររថយន្តដឹកទំនិញតវ៉ាប្រឆាំងកាតព្វកិច្ចវ៉ាក់សាំងបង្ការវីរុស COVID-19 របស់រដ្ឋាភិបាលកាណាដា សម្រាប់អ្នកបើកបររថយន្តដឹកទំនិញឆ្លងកាត់ព្រំដែនចូលមកដល់រដ្ឋធានី។
មនុស្សរាប់ម៉ឺននាក់ត្រូវបានគេជឿថានៅទីក្រុង Ottawa ជាផ្នែកនៃក្រុមអ្នកទាមទារឱ្យបញ្ចប់កាតព្វកិច្ចវ៉ាក់សាំង និងវិធានការរឹតត្បិតវីរុស COVID-19។ ស្នងការនគរបាលនិយាយថា នគរបាលទីក្រុងអូតាវ៉ាកំពុងធ្វើការជាមួយភ្នាក់ងារសន្តិសុខជាតិ ដើម្បីកំណត់ការគំរាមកំហែងដែលអាចកើតមានណាមួយចំពោះសុវត្ថិភាពសាធារណៈ។ បាតុកម្មនៅចុងសប្តាហ៍នេះមានលក្ខណៈខុសប្លែក និងមានហានិភ័យ ខណៈបាតុកម្មមានទ្រង់ទ្រាយធំ។ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់សភាបានព្រមានសមាជិកសភា ឱ្យចាក់សោទ្វាររបស់ពួកគេក្នុងពេលមានរបាយការណ៍ថា លំនៅឋានឯកជនរបស់ពួកគេអាចត្រូវបានកំណត់គោលដៅ។ ក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិ និងស្រែកហ៊ោ ខណៈអ្នកគាំទ្របើករថយន្តដោយចុចស៊ីផ្លេ។
ក្រុមអ្នកបើកបររថយន្តដឹកទំនិញកំពុងតវ៉ា ជុំវិញវិធានការថ្មីដែលបានចូលជាធរមានកាលពីថ្ងៃទី១៥ ខែមករា ដែលតម្រូវឱ្យអ្នកបើកបររថយន្តដឹកទំនិញចូលមកប្រទេសកាណាដា ចាក់វ៉ាក់សាំងពេញលេញបង្ការវីរុសកូរ៉ូណា។ ជាមួយគ្នានេះដែរសហរដ្ឋអាមេរិកក៏បានដាក់លក្ខខណ្ឌដូចគ្នានេះ លើក្រុមអ្នកបើកបររថយន្តដឹកទំនិញចូលមកក្នុងប្រទេស។ រដ្ឋាភិបាលកាណាដាបានណែនាំអ្នកបើកបររថយន្តដឹកទំនិញ ចំពោះកាតព្វកិច្ចវ៉ាក់សាំងនេះថា អ្នកបើកបររថយន្តដឹកទំនិញជនជាតិកាណាដាត្រូវចាក់វ៉ាក់សាំងឱ្យបានពេញលេញ ប្រសិនបើពួកគេចង់ជៀសវាងការដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ២សប្តាហ៍ និងការធ្វើតេស្តរកវីរុស COVID-19 មុនពេលឆ្លងកាត់ចូលមកប្រទេសកាណាដា៕
អត្ថបទ៖ ប៊ុនថន