កុងហ្គោ៖ មនុស្សរាប់ពាន់នាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានជម្លៀសចេញ បន្ទាប់ពីពួកគេរត់ចេញពីការប៉ះទង្គិចគ្នារវាងកងទ័ពកុងហ្គោ និងក្រុមយុទ្ធជន M23 ក្នុងសប្តាហ៍នេះ។ ការវាយប្រហារថ្មីធ្វើឡើងដោយចលនាថ្ងៃទី២៣ ខែមីនា ឬ M23 បាន កំណត់គោលដៅលើទីតាំងកងទ័ពកុងហ្គោនៅលើទឹកដីតំបន់ Rutshuru ភាគខាងជើងទីក្រុង Goma នៅភាគខាងកើតប្រទេសកុងហ្គោ។

សាក្សីនិយាយថា ពួកគេបានឃើញការប្រយុទ្ធគ្នាដោយកាំភ្លើង និងមានសាកសពជាច្រើន។ ចាប់តាំងពីដើមសប្តាហ៍នេះ ប្រជាជនមកពីភូមិចំនួន ៦ នៅភាគខាងកើតរបស់ប្រទេសបានភៀសខ្លួនចេញពីអំពើហិង្សា។ យ៉ាងហោចណាស់មនុស្ស ២ពាន់នាក់នាពេលនេះកំពុងរស់នៅក្នុងទីជម្រកនៅក្នុងព្រះវិហារ សាលារៀន ឬជាមួយគ្រួសារដែលគេទទួលឲ្យស្នាក់នៅ។ កាលពីថ្ងៃសុក្រ កងមួកខៀវនៃបេសកកម្មរក្សាស្ថិរភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានដាក់ពង្រាយនៅតំបន់នោះ។
ក្រុមអ្នកប្រយុទ្ធ M23 ដែលចាត់ទុកខ្លួនឯងថាជាកងទ័ពបដិវត្តន៍កុងហ្គោ គឺជាអតីតក្រុមបះបោររបស់ប្រទេសកុងហ្គោគាំទ្រដោយប្រទេសរវ៉ាន់ដា និងអ៊ូហ្គង់ដា ដែលបានបរាជ័យក្នុងឆ្នាំ២០១៣។ ចាប់តាំងពីខែវិច្ឆិកាមកចលនានេះត្រូវបានចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារជាច្រើនលើកមកលើកងទ័ព។ ការវាយប្រហារបានកើតឡើងនៅតំបន់ជុំវិញឧទ្យានជាតិ Virunga ជាតំបន់បេតិកភណ្ឌរបស់អង្គការយូណេស្កូល្បីល្បាញដោយសារចំនួនសត្វធំៗនៅទីនោះច្រើន៕
អត្ថបទ៖ ប៊ុនថន