អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃអង្គារ បានព្រមានថា លទ្ធភាពនៃដំណោះស្រាយរដ្ឋពីរ កំពុងធ្លាក់ចុះជាបន្តបន្ទាប់ ដែលឥឡូវនេះឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាងមួយជំនាន់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកនៅកិច្ចប្រជុំជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខUN ស្តីពីបញ្ហាប៉ាឡេស្ទីន លោក ហ្គុយតឺរេស បានគូសបញ្ជាក់ពីការពង្រីកការតាំងទីលំនៅដោយឥតឈប់ឈរ ការដាក់តំបន់មួយចំនួនជាឧបសម្ព័ន្ធជាក់ស្តែង និងការផ្លាស់ទីលំនៅដោយបង្ខំ ជាភស្តុតាងនៃការធ្លាក់ចុះ។

លោកបានបន្ថែមថា៖«វដ្តនៃអំពើហិង្សាដ៏សាហាវ រួមទាំងដោយអ្នកតាំងទីលំនៅជ្រុលនិយម បានធ្វើឲ្យអ៊ីស្រាអែលកាន់កាប់ដោយខុសច្បាប់ ហើយបានរុញច្រានយើងដល់ចំណុចដ៏គ្រោះថ្នាក់ ដែលមិនអាចវិល ត្រឡប់មកវិញ»។
ការអនុម័តនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើការសាងសង់លំនៅឋាននៅក្នុងតំបន់ E1 គឺគួរឲ្យព្រួយបារម្ភជាពិសេស។ លោកបានព្រមានថា ប្រសិនបើការអនុម័តនេះ ត្រូវបានអនុវត្ត វានឹងធ្វើឲ្យស្ថានភាពនៅតំបន់វេសបែង (West Bank)កាន់តែធ្ងន់ធ្ងរ ដោយបំផ្លាញទឹកដីនៃរដ្ឋប៉ាឡេស្ទីន។ «ការតាំងទីលំនៅរបស់អ៊ីស្រាអែល មិនគ្រាន់តែជាបញ្ហានយោបាយប៉ុណ្ណោះទេ ថែមទាំងជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់»៕