ប្រទេសទួរគី កំពុងជួបប្រទះគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាងកន្លះសតវត្សរ៍ ដោយទឹកភ្លៀងបានធ្លាក់ចុះ ២៧ ភាគរយ បើធៀបនឹងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ និងច្រើនជាងនេះទៀត នៅក្នុងតំបន់មួយចំនួន។ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយនៅសប្តាហ៍នេះ។

សេវាកម្មឧតុនិយមរដ្ឋទួរគី បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ចន្លោះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣១ ខែសីហា ក្នុងឆ្នាំនេះ ភ្លៀងធ្លាក់ក្នុងប្រទេសទួរគី ជាមធ្យមមានកម្រិត ៤០១,១ មីលី្លម៉ែត្រ បើធៀបនឹង ៥៤៨,៥ មីល្លីម៉ែត្រ ចន្លោះឆ្នាំ ១៩៩១ និង ២០២០។

សេវាកម្មឧតុនិយម បានបញ្ជាក់ថា៖«ក្នុងរយៈពេលជាង ១១ ខែ ភ្លៀងធ្លាក់ក្នុងប្រទេសទួរគី បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ៥២ឆ្នាំ ចុងក្រោយនេះ» ដោយកត់សម្គាល់ឃើញថា ការថយចុះជាង ៦០ភាគរយ នៅក្នុងតំបន់ Anatolia ភាគអាគ្នេយ៍ ជាតំបន់ស្ងួតធម្មតា ដែលមានព្រំប្រទល់ជាប់ប្រទេស ស៊ីរី។
កម្ពស់ទឹកភ្លៀងតិចជាង ២៥០ មីលី្លម៉ែត្រ ក្នុងរយៈពេល ១១ ខែ បើធៀបនឹងទឹកភ្លៀងជាមធ្យមលើសពី ១.000 មីល្លីម៉ែត្រ ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមក៕