មេដឹកនាំកំពូលរបស់ប្រទេសនេះ លោក Ali Khamenei បាននិយាយថា អ៊ីរ៉ង់មិនត្រូវការអាវុធនុយក្លេអ៊ែរទេ ហើយក៏មិនមានបំណងផលិតវាដែរ។

លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជនអ៊ីរ៉ង់ថា៖«បច្ចុប្បន្ន យើងមានកម្រិតខ្ពស់នៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ ពិតណាស់ ប្រទេសដែលចង់បង្កើតអាវុធនុយក្លេអ៊ែរ បង្កើនវា រហូតដល់ ៩០% ដោយសារយើងមិនត្រូវការអាវុធ ហើយសម្រេចចិត្តបោះបង់អាវុធនុយក្លេអ៊ែរ យើងមិនបានបង្កើនវាច្រើននោះទេ។ យើងបានបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម ដល់ទៅ ៦០% ដែលជាកម្រិតខ្ពស់បំផុត ជាកម្រិតដ៏ល្អមួយ ដែលចាំបាច់សម្រាប់ការដោះស្រាយបញ្ហាមួយចំនួន ដែលប្រទេសអ៊ីរ៉ង់កំពុងប្រឈម»។

យោងតាមលោក Khamenei បានឲ្យដឹងថា បច្ចុប្បន្ននេះ អ៊ីរ៉ង់គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង១០ ដែលមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ។ លោកបានបន្ថែមថា ទោះបីជាប្រទេស ៩ ផ្សេងទៀត មានគ្រាប់បែកនុយក្លេអ៊ែរ នៅក្នុងឃ្លាំងអាវុធរបស់ពួកគេក៏ដោយ ក៏«អ៊ីរ៉ង់មិនមានគ្រាប់បែកនុយក្លេអ៊ែរទេ ហើយនឹងមិនផលិតវាទេ»៕