អ្នករៀបចំកងនាវាដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា និងសកម្មជនគាំទ្រប៉ាឡេស្ទីន បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ពួកគេបានឮសំឡេងផ្ទុះ និងបានឃើញយានដ្រូនជាច្រើនគ្រឿង ដែលបានកំណត់គោលដៅទៅលើនាវាខ្លះរបស់ពួកគេ ដែលបច្ចុប្បន្នស្ថិតនៅឆ្នេរសមុទ្រនៃប្រទេសក្រិក។
កងនាវា Global Sumud Flotilla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យានដ្រូនជាច្រើនគ្រឿង វត្ថុមិនស្គាល់អត្តសញ្ញាណ បានធ្លាក់ចុះមក ការទំនាក់ទំនង បានគាំងដំណើរការ និងសំឡេងផ្ទុះ ត្រូវបានឮចេញពីនាវាជាច្រើនគ្រឿង» ដោយពុំបានបន្ថែមថាតើមានអ្នកស្លាប់ឬអត់នោះទេ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«យើងកំពុងឃើញប្រតិបត្តិការផ្លូវចិត្តទាំងនេះ ដោយផ្ទាល់ ប៉ុន្តែយើង មិនមានការភិតភ័យឡើយ»។
សកម្មជនសិទ្ធិមនុស្សអាល្លឺម៉ង់ និងជាសមាជិកកងនាវាដឹកជំនួយ អ្នកស្រី Yasemin Acar បាននិយាយនៅក្នុងវីដេអូដែលអ្នកស្រី បានបង្ហោះនៅលើ Instagram ថា នាវាចំនួន ៥គ្រឿង ត្រូវបានវាយប្រហារ៕