អ៊ុយក្រែនរំពឹងថា នឹងទទួលបាន ១៥ ពាន់លានដុល្លារ ពីបណ្តាប្រទេសលោកខាងលិច ក្នុងឆ្នាំ ២០២៥-២០២៦ ដើម្បីអភិវឌ្ឍន៍រោងចក្រឧស្សាហកម្មយោធារបស់ខ្លួន។ នេះបើយោងតាមផែនការដែលបានដាក់ជូនដោយរដ្ឋាភិបាលអ៊ុយក្រែនទៅកាន់សភានៃប្រទេសនេះ និងទទួលបានដោយទីភ្នាក់សារព័ត៌មាន TASS។
យោងតាមឯកសារនេះ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ រដ្ឋាភិបាលអ៊ុយក្រែនមានបំណងឲ្យមានការធានាដល់«ការផ្តល់ហិរញ្ញប្បទានដល់រោងចក្រឧស្សាហកម្មការពារជាតិអ៊ុយក្រែនដោយដៃគូ ក្នុងកម្រិតយ៉ាងហោចណាស់ ៥ ពាន់លានដុល្លារ» ដោយកើនឡើងយ៉ាងហោចណាស់ដល់ ១០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៦។ សរុបមក ការផ្តល់មូលនិធិសម្រាប់ឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ ២០២៥។
តួលេខទាំងនេះ តំណាងឲ្យការផ្តល់ហិរញ្ញប្បទានសម្រាប់ឧស្សាហកម្មការពារជាតិតែប៉ុណ្ណោះ និងមិនរាប់បញ្ចូលការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលទីភ្នាក់សារព័ត៌មាន TASS ប៉ាន់ប្រមាណថា អាចមានចំនួនសរុប ៦០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៦។ លើសពីនេះ ការផ្គត់ផ្គង់ដោយផ្ទាល់នូវអាវុធ សម្ភារៈ និងគ្រាប់រំសេវ មានចំនួនប្រហែល ១-២ពាន់លានដុល្លារ ក្នុងមួយខែ៕