អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្យាយាមកាត់បន្ថយការព្រួយបារម្ភនៃសង្គ្រាមរវាងប្រទេសរបស់លោក និងប្រទេសរុស្ស៊ី ដោយបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា លោកមិនជឿថា ស្ថានភាពបច្ចុប្បន្ននេះកាន់តែអាក្រក់ជាងកាលពីដើមឆ្នាំ២០២១ នោះទេ នៅពេលដែលរុស្ស៊ីចាប់ផ្តើមពង្រាយកងទ័ពនៅលើព្រំដែនរវាងប្រទេសទាំងពីរ។

រុស្ស៊ីនិយាយថា ខ្លួននឹងមិនចាប់ផ្តើមសង្គ្រាមនៅប្រទេសអ៊ុយក្រែនទេ ប៉ុន្តែបានព្រមានថា សហរដ្ឋអាមេរិក និងអង្គការណាតូបានព្រងើយកន្តើយទៅនឹងការទាមទាររបស់ខ្លួន។ វិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតី Vladimir Putin បាននិយាយទៅកាន់ប្រធានាធិបតីបារាំងលោក Emmanuel Macron ថា ប្រទេសលោកខាងលិចមិនបានពិចារណាលើលក្ខខណ្ឌសំខាន់ៗរបស់រុស្ស៊ី ក្នុងការឲ្យបញ្ឈប់ការពង្រីកខ្លួនបន្ថែមរបស់អង្គការណាតូ និងបញ្ឈប់ការដាក់ពង្រាយអាវុធសម្ព័ន្ធមិត្តនៅជិតព្រំដែនរុស្ស៊ី និងការរំកិលកងកម្លាំងរបស់ខ្លួនពីអឺរ៉ុបខាងកើត។ សហរដ្ឋអាមេរិក និងអង្គការណាតូបានច្រានចោលការទាមទារទាំងនោះជាផ្លូវការក្នុងសប្តាហ៍នេះ ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានគូសបញ្ជាក់អំពីតំបន់ដែលការពិភាក្សាអាចធ្វើទៅបានក៏ដោយ ដោយផ្តល់ក្តីសង្ឃឹមថាអាចមានមធ្យោបាយដើម្បី បញ្ចៀសសង្គ្រាម។
ទោះជាយ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថា មានលទ្ធភាពច្បាស់ដែលរុស្ស៊ីអាចចាត់វិធានការយោធា មកលើអតីតរដ្ឋសូវៀតនៅក្នុងខែកុម្ភៈ។ ប៉ុន្តែរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតថា គ្មានផែនការបែបនេះទេ។ លោកប្រធានាធិបតី Zelenskyy បានព្យាយាមកាត់បន្ថយការព្រួយបារម្ភនៃសង្គ្រាមដោយបាននិយាយថា ការប្រកាសអាសន្នរបស់ប្រទេសលោកខាងលិចអំពីការឈ្លានពាន បានជំរុញអ្នកវិនិយោគនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសនេះឱ្យដកប្រាក់ចេញ៕
អត្ថបទ៖ ប៊ុនថន