លោកប្រធានាធិបតីអាមេរិក Donald Trump បានស្តីបន្ទោសខ្លាំងៗលើប្រទេសអឺរ៉ុប ក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅមហាសន្តិបាតអង្គការសហប្រជាជាតិ UNGA កាលពីព្រឹកថ្ងៃអង្គារ (២៣ កញ្ញា) ជាពិសេសអំពីគោលនយោបាយអន្តោប្រវេសន៍នៅក្នុងប្រទេសមួយចំនួន ហើយក៏បានព្រមានមេដឹកនាំពិភពលោកអំពី "អន្តោប្រវេសន៍ដែលមិនមានការគ្រប់គ្រង" ខណៈចោទអង្គការសហប្រជាជាតិថាបានរួមចំណែកដល់បញ្ហានេះ។
អឺរ៉ុប កំពុងតែជួបការលំបាកជាមួយនឹងលំហូរចូលដ៏ច្រើនសន្ធឹកសន្ធាប់នៃជនអន្តោប្រវេសន៍មកពីទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអ្នករិះគន់បានលើកឡើងពីការព្រួយបារម្ភលើរឿងគ្រប់យ៉ាងទាក់ទងនឹងបញ្ហានេះ រាប់ចាប់ពីធនធាន រហូតដល់ការគ្របដណ្ដប់ផ្នែកវប្បធម៌។

ក្នុងសុន្ទរកថាលើវេទិកាក្នុងទីក្រុងញូវយ៉កនោះ លោក Trump បាននិយាយថា៖ "UN គួរតែបញ្ឈប់ការឈ្លានពានពីអន្តោប្រវេសន៍ មិនមែនបង្កើតរឿងបែបនេះហើយផ្តល់ហិរញ្ញប្បទានឱ្យទៀតនោះទេ"។ លោកបន្តថា៖ អឺរ៉ុបកំពុងជួបបញ្ហាធ្ងន់ធ្ងរណាស់ ដោយសារត្រូវបានចូលលុកលុយដោយកម្លាំងជនបរទេសខុសច្បាប់មិនធ្លាប់មានពីមុនមក... ជនបរទេសខុសច្បាប់កំពុងហូរចូលអឺរ៉ុប។
លោក Trump បានប្រៀបធៀបស្ថានភាពនេះទៅនឹងវិបត្តិព្រំដែនផ្ទាល់របស់សហរដ្ឋអាមេរិក ពេលនៅក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី Joe Biden ដែលនាំឱ្យមនុស្សរាប់លាននាក់សម្រុកចូលសហរដ្ឋអាមេរិកដោយខុសច្បាប់៕

