ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារ (ទី២៣ ខែកញ្ញា)ថា ប្រធានាធិបតីអាមេរិក លោក Donald Trump អាចឈ្នះពានរង្វាន់ណូបែលសន្តិភាព ប្រសិនបើលោកបញ្ឈប់ជម្លោះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
ក្នុងបទសម្ភាសន៍នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Macron បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BFMTV ថា៖ «មានតែមនុស្សម្នាក់គត់ដែលអាចធ្វើអ្វីមួយក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺលោកប្រធានាធិបតីអាមេរិក។ ខ្ញុំឃើញលោកប្រធានាធិបតីអាមេរិកដែលកំពុងសកម្មយ៉ាងខ្លាំង និងដែលបាននិយាយនៅព្រឹកនេះទៅកាន់មហាសន្និបាតនៅថ្ងៃអង្គារថា លោកចង់បានសន្តិភាព ហើយលោកនឹងដោះស្រាយជម្លោះនេះ។ លោកចង់បានពានរង្វាន់ណូបែលសន្តិភាព។ អាចឈ្នះរង្វាន់ណូបែលសន្តិភាពបាន លុះត្រាតែអ្នកអាចបញ្ឈប់ជម្លោះនេះ»។

មេដឹកនាំបារាំងរូបនេះ បានបញ្ជាក់បន្ថែមថា៖ «អ្នកត្រូវដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីឲ្យប្រទេសនេះបញ្ឈប់ ពោលគឺបញ្ឈប់ជម្លោះ នៅតំបន់ហ្កាហ្សា ដូច្នេះ នៅទីបំផុត យើងបានជួយឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន»។
គួរបញ្ជាក់ថា លោក Macron បានទទួលស្គាល់ថា បើទោះបីជាតំណាងឲ្យប្រទេសបារាំង លោកទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាត ពោលគឺជាការសម្រេចដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយលោក Trump និងអ៊ីស្រាអែល គ៏ទីក្រុងវ៉ាស៊ីនតោននៅតែមានឥទ្ធិពលខ្លាំងលើអ៊ីស្រាអែល៕
