រូបភាពពីផ្កាយរណបវិភាគដោយសារព័ត៌មាន APបង្ហាញថា អ៊ីរ៉ង់បានចាប់ផ្តើមសាងសង់ឡើងវិញនូវទីតាំងផលិតមីស៊ីលដែលត្រូវបានកំណត់គោលដៅដោយអ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាមរយៈពេល ១២ថ្ងៃរបស់ខ្លួន ក្នុងខែមិថុនា ប៉ុន្តែសមាសធាតុសំខាន់មួយ ទំនងជានៅតែបាត់ គឺម៉ាស៊ីនលាយវត្ថុធាតុធំៗ ដែលត្រូវការសម្រាប់ផលិតឥន្ធនៈរឹងសម្រាប់សព្វាវុធ។
ការកសាងកម្មវិធីមីស៊ីលឡើងវិញនេះ គឺមានសារៈសំខាន់សម្រាប់សាធារណរដ្ឋឥស្លាម ដែលជឿថាសង្រ្គាមមួយជុំទៀតជាមួយអ៊ីស្រាអែល អាចនឹងកើតឡើង។ មីស៊ីលទាំងនេះ គឺជាការការពារផ្នែកយោធាមួយរបស់អ៊ីរ៉ង់ បន្ទាប់ពីសង្គ្រាម បានបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ជាអ្វីដែលទីក្រុងតេអេរ៉ង់បានទទូចជាយូរមកហើយថា នឹងមិនត្រូវបានដាក់បញ្ចូលក្នុងការចរចា ជាមួយលោកខាងលិចឡើយ។
អ្នកជំនាញផ្នែកមីស៊ីលបានប្រាប់សារព័ត៌មាន AP ថា ការទទួលបានម៉ាស៊ីនលាយវត្ថុធាតុទាំងនេះ គឺជាគោលដៅសម្រាប់ទីក្រុងតេអេរ៉ង់ ជាពិសេសនៅពេលដែលខ្លួនរៀបចំសម្រាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលអាចនឹងត្រូវបានដាក់ឡើងវិញលើប្រទេស នៅចុងខែនេះ។ ទណ្ឌកម្មនឹងត្រូវដាក់ទៅលើការអភិវឌ្ឍកម្មវិធីមីស៊ីល ក្នុងចំណោមវិធានការផ្សេងៗទៀត។ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian គ្រោងនឹងថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ៕