មេដឹកនាំកាតាលោក Sheikh Tamim bin Hamad Al Thani បានថ្លែងនៅក្នុងសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ប្រទេសនេះ នឹងបន្តធ្វើការជាអ្នកសម្រុះសម្រួល ដើម្បីដោះស្រាយជម្លោះ នៅតំបន់ហ្កាហ្សាស្ទ្រីប បើទោះបីជាមានការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើទីស្នាក់ការកណ្តាលរបស់ក្រុមហាម៉ាស នៅទីក្រុងដូហាក៏ដោយ។

លោកបាននិយាយថា៖«យើងមានបំណងជំរុញឲ្យមានការបញ្ចប់ជម្លោះ និងការដោះលែងចំណាប់ថ្នូរ ទោះបីជានៅក្នុងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត កំពុងបន្តក៏ដោយ។ ការប៉ុនប៉ងបែបនេះ នឹងមិនអាចបញ្ឈប់ពួកយើងបានទេ នោះហើយជាមូលហេតុដែលយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក»។
មេដឹកនាំប្រទេសកាតារូបនេះ បានបន្ថែមថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដូហា គឺជាការប៉ុនប៉ង ដើម្បីបង្អាក់កិច្ចចរចាស្តីពីបទឈប់បាញ់នៅហ្កាហ្សា៕
