ប្រតិបត្តិករអាកាសយានដ្ឋាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាកាសយានដ្ឋាននៅទីក្រុងប៊ែរឡាំង កំពុងប្រឹងប្រែងស្ដារប្រព័ន្ធចុះឈ្មោះចូល និងគ្រប់គ្រងឥវ៉ាន់របស់ខ្លួនឡើងវិញ បន្ទាប់ពីមានការវាយប្រហារតាមអ៊ីនធឺណិត កាលពីចុងសប្តាហ៍កន្លងមក ដោយការពន្យារពេល និងការលុបចោលបន្ថែមទៀត អាចកើតមាននៅថ្ងៃពុធ (ទី២៤ ខែកញ្ញា) នេះ។
ទីក្រុងប៊ែរឡាំង គឺជាអាកាសយានដ្ឋានមួយ ក្នុងចំណោមព្រលានយន្តហោះជាច្រើន នៅទូទាំងទ្វីបអឺរ៉ុប ដែលរងផលប៉ះពាល់ដោយសារការរំខាន ពោលគឺជាអ្វីដែលត្រូវបានសន្មតថា ជាការវាយប្រហារដោយមេរោគតាមប្រព័ន្ធអ៊ីនធឺណិត លើក្រុមហ៊ុនផ្តល់កម្មវិធី Collins Aerospace ដែលបានប៉ះពាល់ដល់ជើងហោះហើររាប់សិបវ៉ុល និងអ្នកដំណើររាប់ពាន់នាក់ គិតចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន។

ប្រតិបត្តិករ BER បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា វាអាចចំណាយពេលច្រើនថ្ងៃទៀត មុនពេលអាកាសយានដ្ឋាននៃរដ្ឋធានីអាល្លឺម៉ង់មួយនេះ មានកម្មវិធីដំណើរការដោយរលូន និងសុវត្ថិភាពឡើងវិញ ដោយបុគ្គលិកធ្វើការឥតឈប់ឈរ ដើម្បីផ្ដល់សេវាកម្មដល់អ្នកដំណើរដោយដៃ ក្នុងពេលនោះ។
អាកាសយានដ្ឋាន នៅទីក្រុងប៊ែរឡាំង មានភាពមមាញឹកជាពិសេស បន្ទាប់ពីកម្មវិធីរត់ម៉ារ៉ាតុងមួយ បានកើតឡើងនៅក្នុងទីក្រុងនេះ កាលពីចុងសប្តាហ៍ ដោយអ្នករត់ជាច្រើនបានជួបការលំបាក ក្នុងការវិលត្រលប់ទៅផ្ទះសម្បែងវិញ៕