ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារថា ប្រសិនកាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ សម្ដេចត្រូវបានបាញ់ប្រហារដល់បាត់បង់ជីវិត ឬត្រូវរបួស នោះប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ។
សម្តេចបង្ហោះសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ថ្ងៃ២៤ កញ្ញា ២០២៥ នេះ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារដើម្បីសម្លាប់សម្ដេចតេជោ នៅទីរួមខេត្តសៀមរាប (២៤ កញ្ញា ១៩៩៨-២៤ កញ្ញា ២០២៥)។ ជាសំណាងល្អ ខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះ ឈ្នះដើម្បីបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាន នៅថ្ងៃ២៩ ធ្នូ ១៩៩៨។
ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវ នាព្រឹកថ្ងៃ២៤ កញ្ញា ១៩៩៨ទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះ បានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួស ក៏ទីរួមខេត្តសៀមរាបនិងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់។
គិតពី ថ្ងៃ២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន ២៧ឆ្នាំ រួចមកហើយ និងសង្ឃឹមថា នឹងរស់បានតិចបំផុត ២៧ឆ្នាំបន្តទៀត។ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង ៤០ឆ្នាំ និងក្រោម៥០ឆ្នាំ៕






