ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ក្រសួងការពារជាតិបានឲ្យដឹងថា យន្តហោះយោធាអេស្ប៉ាញដែលមានរដ្ឋមន្ត្រីរបស់ក្រសួង គឺលោកស្រី Margarita Robles ជិះលើនោះ បានជួបប្រទះនឹងការរំខានប្រព័ន្ធ GPS នៅព្រឹកថ្ងៃពុធ (ទី២៤ ខែកញ្ញា) ខណៈដែលវាបានហោះនៅជិតតំបន់ Kaliningrad របស់រុស្ស៊ី តាមផ្លូវទៅកាន់ប្រទេសលីទុយអានី។
រួមជាមួយលោកស្រី Robles ដែរ យន្តហោះនេះកំពុងដឹកសាច់ញាតិរបស់ទាហានអាកាសអេស្ប៉ាញ ដែលជាផ្នែកមួយនៃបេសកកម្មការពារដែនអាកាសរបស់អង្គការណាតូ (NATO) នៅប៉ែកខាងកើតរបស់សម្ព័ន្ធភាពនេះ។ បេសកកម្មនេះត្រូវបានចាប់ផ្តើមនៅដើមខែនេះ បន្ទាប់ពីប៉ូឡូញបានបាញ់ទម្លាក់យានដ្រូន ដែលបំពានដែនអាកាសរបស់ខ្លួន។
ក្រសួងការពារជាតិអេស្ប៉ាញ បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុមទាហានអេស្ប៉ាញ ដែលត្រូវបានស្គាល់ថា ជាបេសកកម្ម Vilkas ដែលជាពាក្យមានន័យថា ឆ្កែចចក ក្នុងភាសាលីទុយអានី កាលពីសប្តាហ៍មុន បានស្ទាក់យន្តហោះរុស្ស៊ីចំនួន ៨គ្រឿង ដែលកំពុងប្រតិបត្តិការលើសមុទ្របាល់ទិក។
អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ឲ្យដឹងថា៖ «មានការប៉ុនប៉ងរំខានដល់សញ្ញាប្រព័ន្ធ GPS ប៉ុន្តែដោយសារយន្តហោះរបស់យើង មានប្រព័ន្ធអ៊ិនគ្រីប (ប្រព័ន្ធការពារយ៉ាងសម្ងាត់) វាមិនមានការប៉ះពាល់អ្វីឡើយ»។ សា្ថប័ននេះបានបន្ថែមថា៖ «វាត្រូវតែជារឿងធម្មតា ក្នុងការធ្វើដំណើរលើផ្លូវនេះ និងជាមួយជើងហោះហើរពាណិជ្ជកម្មផងដែរ។ វាមិនមែនដោយសារតែនេះជាយន្តហោះរបស់យើងទេ»។
របៀបវារៈរបស់រដ្ឋាភិបាលអេស្ប៉ាញ បានបង្ហាញថា លោកស្រី Robles នឹងត្រូវជួបប្រជុំទ្វេភាគីជាមួយសមភាគីលីទុយអានីលោកស្រី Dovile Sakaliene អំឡុងដំណើរទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាស Siauliai នៅថ្ងៃពុធនេះ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុកើតឡើងបន្ទាប់ពីហេតុការណ៍មួយទៀត ដែលប្រព័ន្ធ GPS នៃយន្តហោះដឹកប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានគាំង ខណៈកំពុងធ្វើដំណើរទៅកាន់ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី៣១ ខែសីហា៕