សកម្មភាពប្រចាំថ្ងៃក្នុងទីក្រុងហុងកុង របស់ចិន បានចាប់ផ្ដើមដំណើរការឡើងវិញនៅថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) នេះ បន្ទាប់ពីត្រូវផ្អាកអស់ពេល ៣៦ម៉ោង ដោយជើងហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិហុងកុងបានបន្ត អាជីវកម្មនានាបើកឡើងវិញ សេវាកម្មដឹកជញ្ជូន និងសាលារៀនមួយចំនួនក៏ចាប់ដំណើរការប្រក្រតី បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកក្នុងឆ្នាំនេះឈ្មោះ Ragasa បានវាយប្រហារមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយនេះ។

ព្យុះ Ragasa បានធ្វើឱ្យហុងកុង ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ស្ថិតក្នុងភាពជាប់គាំងតាំងតែពីរសៀលថ្ងៃអង្គារមក បន្ទាប់ពីបានបោកបក់ឆ្លងកាត់ភាគខាងជើងហ្វីលីពីន និងកោះតៃវ៉ាន់ ជាទីដែលព្យុះដ៏កំណាចនេះសម្លាប់មនុស្សអស់ជាច្រើននាក់ មុននឹងបោកបក់ដល់ដីគោកលើទីក្រុង យ៉ាងជាំង (Yangjiang) ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃពុធ។
មនុស្សជាង ១០០នាក់ បានរងរបួសក្នុងទីក្រុងហុងកុង ដែលអាជ្ញាធរបានដាក់សញ្ញាព្រមានព្យុះទីហ្វុងខ្ពស់បំផុតលេខ១០ សម្រាប់ពេលវេលាភាគច្រើននៃថ្ងៃពុធ។ អាជ្ញាធរនិយាយថា ពួកគេកំពុងជួសជុលជាបន្ទាន់នូវផ្លូវដែលខូចខាត ដោយព្យាយាមឈូសឆាយដើមឈើបាក់រលំជាង ១.០០០ដើម និងឆ្លើយតបនឹងគ្រោះទឹកជំនន់យ៉ាងគំហុកប្រមាណ ៨៥ករណី។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមសង្កេតការណ៍អាកាសធាតុហុងកុង នៅតែរក្សាកម្រិតព្រមានព្យុះទីហ្វុងទាបបំផុតលេខ៣ ដោយធ្វើឱ្យសាលាមត្តេយ្យ និងសាលារៀនមួយចំនួនត្រូវបន្តបិទទ្វារ ខណៈព្យុះ Ragasa បានផ្លាស់ទីទៅឆ្ងាយពីទីក្រុង ហើយចុះខ្សោយកម្លាំងទៅជាព្យុះត្រូពិក។ អាជ្ញាធរអាកាសយានដ្ឋានហុងកុងនិយាយថា ក្រុមហ៊ុនអាកាសចរណ៍នឹងចាប់ផ្តើមជើងហោះហើរឡើងវិញជាបណ្តើរៗចាប់ពីម៉ោងក្នុងស្រុក ៦ព្រឹកនៅថ្ងៃព្រហស្បតិ៍នេះ ដោយផ្លូវរត់ទាំង៣ ដំណើរការដំណាលគ្នាឡើងវិញ៕


