ប្រទេសចិន កាលពីថ្ងៃពុធ (២៤ កញ្ញា) បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកលកាន់តែខ្លាំងឡើងដើម្បីធានាបាននូវអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ដែលបម្រើឱ្យមនុស្សជាតិពិតប្រាកដ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ AI មិនឱ្យប្រើប្រាស់ក្នុងផ្លូវខុស ដើម្បីយកទៅអភិវឌ្ឍអាវុធស្វ័យកម្មដ៏គ្រោះថ្នាក់។

ថ្លែងក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី AI និងសន្តិភាព រួមទាំងសន្តិសុខអន្តរជាតិ អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Ma Zhaoxu បានគូសបញ្ជាក់ពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា ហើយបានកត់សម្គាល់ពីតួនាទីមិនអាចខ្វះបានរបស់ស្ថាប័នមួយនេះនៅក្នុង "ការជំរុញអភិបាលកិច្ច AI សកល និងការគ្រប់គ្រងហានិភ័យសន្តិសុខដែលមិនធ្លាប់មានពីមុន"។

លោក Ma បានជំរុញឱ្យរដ្ឋជាសមាជិក "រួមគ្នាលើកកម្ពស់បរិយាកាសបើកចំហ ប្រកបដោយបរិយាបន្ន យុត្តិធម៌ និងគ្មានការរើសអើងសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះឯកតោភាគីនិយម និងការគាំពារនិយម" ខណៈពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ "ការខ្វែងគំនិតលើ AI ទាំងខាងជើងនិងខាងត្បូង"។

អនុរដ្ឋមន្ត្រីការបរទេសចិនរូបនេះក៏ព្រមានថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែដោះស្រាយ "ការប្រើក្នុងផ្លូវខុសនៃបច្ចេកវិទ្យា AI ដោយក្រុមភេរវករ កងកម្លាំងជ្រុលនិយម និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន" ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ការឆ្លើយតបជាអន្តរជាតិរួមគ្នា៕