យោងតាមសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាជាមួយមេដឹកនាំមូស្លីម និងអារ៉ាប់ ក្នុងអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ (២៣ កញ្ញា) ថា លោកនឹងមិនអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដាក់បញ្ចូលតំបន់កាន់កាប់ West Bank ធ្វើជាឧបសម្ព័ន្ធនោះទេ។

មនុស្ស ៦នាក់ដែលដឹងពីការពិភាក្សានោះបានប្រាប់គេហទំព័រព័ត៌មានអាមេរិក Politico ថា លោក Trump បានធានាថា មេដឹកនាំអ៊ីស្រាអែលនឹងមិនត្រូវបានអនុញ្ញាតឱ្យក្រសោបយកតំបន់ West Bank ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីននោះឡើយ។
ប្រភពចំនួន២ ក្នុងចំណោមនោះនិយាយថា ប្រធានាធិបតីអាមេរិក បានប្រកាន់ជំហរ “មុតមាំ” ណាស់លើបញ្ហា West Bank នេះ ខណៈប្រភពផ្សេងទៀតនិយាយថា ក្រុមមន្រ្តីលោក Trump ក៏បានបង្ហាញឯកសារផែនការរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ចប់សង្រ្គាមជិត ២ឆ្នាំរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា រួមទាំងសំណើស្តីពីអភិបាលកិច្ច និងសន្តិសុខក្រោយសង្គ្រាម។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីស្រាអែលបង្កើនទីតាំងលំនៅកាន់តែច្រើនឡើងនៅតំបន់ West Bank ដែលក្រុមអ្នករិះគន់ចោទថា ជាបំណងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពលើទឹកដីប៉ាឡេស្ទីនដើម្បីធ្វើឱ្យភាពជារដ្ឋប៉ាឡេស្ទីនមិនអាចទៅរួច ហើយថ្មីៗនេះ អ៊ីស្រាអែល ក៏អនុម័តគម្រោងសង់ទីតាំងលំនៅឈ្មោះ E1 ដើម្បីពុះបំបែកទឹកដី West Bank ដែលប៉ាឡេស្ទីនប្រឹងរក្សាទុកដើម្បីបង្កើតជារដ្ឋមួយ៕

