ក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធ (២៤ កញ្ញា) ថា មនុស្សយ៉ាងតិច ១២នាក់ បានស្លាប់ ដោយសារភ្លៀងធ្លាក់ដ៏ខ្លាំងក្លាបំផុតក្នុងពេលជិត ៤០ឆ្នាំ បានវាយប្រហារលើទីក្រុង Kolkata រដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា និងតំបន់ជុំវិញនោះ នៅមុនពិធីបុណ្យដ៏សំខាន់មួយ ដោយជន់លិចដងផ្លូវ រំខានដល់ការដឹកជញ្ជូន និងធ្វើឱ្យអ្នកស្រុកត្រូវជាប់គាំងរាប់ម៉ោង។

លោក HR Biswas ប្រធានតំបន់នៃក្រសួងឧតុនិយមឥណ្ឌា (IMD) នៅទីក្រុង Kolkata បាននិយាយថា ភ្លៀងភាគច្រើនដែលមានកម្រិតរហូតដល់ ២៥១,៦មីលីម៉ែត្រ ក្នុងពេល ២៤ម៉ោង បានធ្លាក់នៅព្រឹកព្រលឹមថ្ងៃអង្គារ ហើយជាភ្លៀងធ្លាក់ខ្លាំងក្លាបំផុតនៅក្នុងទីក្រុងនេះចាប់តាំងពីឆ្នាំ១៩៨៨ មក។
ការខូចខាតត្រូវរាយការណ៍ទូទាំងទីក្រុង ខណៈផ្លូវថ្នល់ជន់លិច យានយន្តជាប់គាំង មនុស្សម្នាបង្ខំចិត្តធ្វើដំណើរកាត់ទឹក ចរាចរណ៍ទាំងផ្លូវគោក និងផ្លូវអាកាសត្រូវរំខានយ៉ាងខ្លាំង ដោយជើងហោះហើរ និងរថភ្លើងជាច្រើនត្រូវលុបចោល ឬពន្យារពេល ហើយការដាច់ចរន្តអគ្គិសនីបានប៉ះពាល់ដល់តំបន់ទូលំទូលាយអស់ជាច្រើនម៉ោង ដែលធ្វើឱ្យមានការលំបាកដល់អ្នកស្រុក។
ក្រសួងឧតុនិយម IMD ព្យាករថា នឹងមានភ្លៀងធ្លាក់កាន់តែច្រើននៅក្នុងរដ្ឋ និងភាគខាងកើតឥណ្ឌា ក្នុងប៉ុន្មានថ្ងៃខាងមុខ ដោយសារការប្រមូលផ្ដុំនៃសម្ពាធទាបលើឈូងសមុទ្រ Bengal។ ក្រុមមន្ត្រីនិយាយថា ស្ថានភាពត្រឡប់មកធម្មតាវិញនៅល្ងាចថ្ងៃពុធ ប៉ុន្តែក៏ជំរុញឱ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន៕

