បេសកជនប្រចាំតំបន់បាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា ថា សហរដ្ឋអាមេរិកបានចែករំលែកផែនការសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាចំនួន២១ចំណុចនៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ ហើយមានក្តីសង្ឃឹមសម្រាប់ការទម្លាយភាពទាល់ច្រកស្តីពីតំបន់ហ្កាហ្សានៅថ្ងៃខាងមុខ។បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញសំណើដល់មេដឹកនាំមកពីប្រទេសមូស្លីមភាគច្រើន រួមមានប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងប្រទេសអេហ្ស៊ីប ក្នុងអំឡុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅក្រៅមហាសន្និបាតប្រចាំឆ្នាំ។

អ៊ីស្រាអែល បានធ្វើឲ្យមានការថ្កោលទោសជាសាកលជុំវិញសង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សាដែលជិតឈានដល់រយៈពេលពីរឆ្នាំ ដោយគ្មានសញ្ញានៃបទឈប់បាញ់។ ជម្លោះនេះបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដ៏ធំ និងបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង៦៥.០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។

អង្គការឃ្លាំមើលភាពអត់ឃ្លានសាកលនិយាយថា ផ្នែកមួយនៃដែនដីនេះកំពុងរងគ្រោះដោយទុរ្ភិក្ស។ សេតវិមាននៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលគ្រោងនឹងថ្លែងទៅកាន់មហាសន្និបាតនៅទីក្រុងញូវយ៉កនៅថ្ងៃសុក្រក្នុងអំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកដែលរួមមានទាំងជំនួបជាមួយ លោក Trump ផងដែរ។ មេដឹកនាំទាំងពីរ បានថ្កោលទោសចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយប្រទេសមហាអំណាចលោកខាងលិចដូចជាប្រទេសបារាំង និងអង់គ្លេស ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានបន្តជំរុញយុទ្ធនាការយោធារបស់ខ្លួននៅទីក្រុងហ្កាហ្សា ទោះបីជាមានការអំពាវនាវដដែលៗឱ្យដកកងទ័ពចេញក៏ដោយ។ ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាសបានប្រាប់យោធាអ៊ីស្រាអែលថា ការពង្រីកប្រតិបត្តិការរបស់ខ្លួននៅទីក្រុងហ្កាហ្សានឹងធ្វើឱ្យចំណាប់ខ្មាំងអ៊ីស្រាអែលប្រឈមហានិភ័យ ខណៈយោធាអ៊ីស្រាអែលបានអំពាវនាវឱ្យពលរដ្ឋតំបន់ហ្កាហ្សា «ក្រោកឡើង ហើយបំបែកចេញពីក្រុមហាម៉ាស» ដើម្បីបញ្ចប់សង្គ្រាម។