លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបបង្កើតស្ថានទូតថ្មីនៅកម្ពុជា បានប្រកាសគាំទ្រការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្ដិវិធី និងជំរុញឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន។
លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យជួបប្រគល់សារតាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងឱ្យកាសជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក៏បានរំលេចឡើងពាក់ព័ន្ធទៅនឹងស្ថានការណ៍បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់លោកជំទាវ អំពីសារបានដើមទងកើនឡើងនៃជម្លោះព្រំដែនប្រទេសទាំងពីរ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល បានបញ្ជាក់ថា ប្រេស៊ីល គាំទ្រនូវការដោះស្រាយបញ្ហាដោយសន្ដិវិធី រវាងកម្ពុជា និងថៃ, លោកជំទាវក៏បានជំរុញឱ្យភាគីទាំងពីរគោរពនូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហាវិលមករកប្រក្រតីភាពឡើងវិញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ម្ដងហើយម្ដងទៀត នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ចំពោះជម្លោះព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ខណៈរក្សាការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ៕

