កំពង់ស្ពឺ៖ ក្រុមការងារសាងសង់កីឡដ្ឋានកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានផ្តល់ព័ត៌មានជូនឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ កីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ៧០ភាគរយហើយ។
ព្រឹកនេះក្រុមការងារ ក៏កំពុងត្រៀមតម្លើងបង្គោលភ្លើងធំៗចំនួន៤បង្គោលនៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។
តាមរយៈគំនិតផ្តួចផ្តើមជាមួយក្រុមការងារកន្លងមក ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀត នៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត។ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញ នឹងទទួលបានសមិទ្ធផលថ្មីមួយក្នុងពេលឆាប់ៗនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី សូមកោតសរសើរ និងអរគុណដល់សប្បុរជន ក៏ដូចជាការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំខេត្ត និងជាពិសេសក្រុមការងារបច្ចេកទេសសាងសង់យ៉ាងស្រស្រាក់សស្រាំ បើទោះបីជាយើងកំពុងតែឆ្លងកាត់ការលំបាកក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ៕






