អាជ្ញាធរពន្លត់អគ្គិភ័យរបស់កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) នេះ បានកែសម្រួលចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងរ៉ាហ្គាសា (Ragasa) នៅសប្តាហ៍នេះ តាមឆ្នេរសមុទ្រភាគខាងកើតដាច់ស្រយាលរបស់កោះ ឱ្យមកនៅទាបត្រឹមតែ ១៤នាក់ដូចការប្រកាសដំបូងវិញ ខណៈក្រុមសង្គ្រោះបន្តស្វែងរកមនុស្សយ៉ាងតិច ៣៣នាក់ ដែលនៅតែបាត់ខ្លួន ស្របពេលល្បប់ភក់ដ៏ក្រាស់ និងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។

ការស្លាប់ទាំងនេះបានកើតឡើងបន្ទាប់ពីព្យុះទីហ្វុង Ragasa ដ៏មានឥទ្ធិពលបំផុតលើពិភពលោកក្នុងឆ្នាំនេះ បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាដល់ស្រុក Hualien ដែលបណ្តាលឱ្យមានទឹកជំនន់យ៉ាងគំហុកលើទីប្រជុំជន Guangfu របស់កោះតៃវ៉ាន់។
អាជ្ញាធរពន្លត់អគ្គិភ័យតៃវ៉ាន់ ធ្លាប់និយាយនៅថ្ងៃពុធថា អ្នកស្លាប់កើនដល់ ១៧នាក់ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ បានកែសម្រួលតួលេខមកត្រឹម ១៤នាក់ដូចដើមវិញ ដោយនិយាយថា អ្នកស្លាប់មួយចំនួនត្រូវបានរាប់លើសដល់ទៅពីរដង។ អាជ្ញាធរកោះនេះក៏បានបន្ទាបចំនួនអ្នកបាត់ខ្លួនថ្មីនៅត្រឹម ៣៣នាក់ប៉ុណ្ណោះ ពីតួលេខ ១៥២នាក់កាលពីថ្ងៃពុធ។
ទោះបីជាឈប់ភ្លៀងក៏ដោយ ក៏រដ្ឋាភិបាលកោះនៅតែរក្សាការព្រមានរបស់ខ្លួនសម្រាប់ទំនប់វារីអគ្គិសនីនៅតំបន់ភ្នំដាច់ស្រយាលមួយនៅពីក្រោយទីប្រជុំជន Guangfu ៕

