លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិភាគទី២” ដោយឮសម្លេងកាំភ្លើង, សំឡេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។
បើយោងតាមការបញ្ជាក់ពីកងកម្លាំងរបស់កម្ពុជាដែលឈរជើងនៅជួរមុខបានឱ្យដឹងថា នៅរំលងអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥
• នៅវេលាម៉ោង ២:៥៧នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់
• នៅវេលាម៉ោង ៥:០០នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់
• នៅវេលាម៉ោង ៦:០០នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់
• នៅវេលាម៉ោង ៧:០០នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់។
