សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ ខណៈពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់នេះ ជាសក្ខីភាពនៃការរួមចំណែករបស់សម្ដេចតេជោក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍមនុស្សជាតិ។
នេះបើយោងតាមលិខិតរបស់លោកបណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាក់ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលBTVទទួលបាននៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ។
ការជ្រើសរើសសម្ដេចតេជោទទួលបានពានរង្វាន់នេះដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែកក្នុងការកសាងស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសន្តិភាពនៅក្នុងប្រទេសកម្ពុជានិងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ជាងនេះទៅទៀតគណៈកម្មាធិការ បានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឲ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។
ពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ជាសក្ខីភាពនៃការរួមចំណែករបស់សម្ដេចតេជោក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍមនុស្សជាតិ។
សូមបញ្ជាក់ថា ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ពីឥស្សរជននិងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិ ដែលអាចជាគំរូមួយ ធ្វើឲ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ ពានរង្វាន់សន្តិភាព ស៊ុន ហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន ម្យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។



