នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានច្រានចោលការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយប្រទេសមួយចំនួន។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដែលចេញផ្សាយដោយការិយាល័យរបស់លោកថា៖«ការចោទប្រកាន់ដ៏អាម៉ាស់របស់មេដឹកនាំមួយចំនួនចំពោះភេរវកម្មប៉ាឡេស្ទីន មិនតម្រូវឲ្យអ៊ីស្រាអែលមានកាតព្វកិច្ច ក្នុងវិធីណាមួយទេ ហើយនឹងមិនមានរដ្ឋប៉ាឡេស្ទីនឡើយ»។

ក្នុងអំឡុងសន្និសីទនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក រដ្ឋជាច្រើន បានប្រកាសថាពួកគេបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមមានអង់ដូរ៉ា (Andorra) បែលហ្ស៊ិក លុចសំបួ ម៉ាល់តា សានម៉ារីណូ (San Marino) និងបារាំង។ នៅថ្ងៃទី ២១ ខែកញ្ញា ប៉ាឡេស្ទីន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា និងព័រទុយហ្គាល់។ យោងតាមសេចក្តីថ្លែងការណ៍របស់ពួកគេ ការប្រកាន់ខ្ជាប់នូវដំណោះស្រាយរដ្ឋពីរ នៅតែមានសារៈសំខាន់សម្រាប់សន្តិភាព និងសន្តិសុខទាំងនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន៕
