បន្ទាប់ពីជួបជាមួយសមភាគីស៊ីរី នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានាធិបតី Volodymyr Zelenskyy បានប្រកាសថា ប្រទេសអ៊ុយក្រែន និងស៊ីរី បានស្តារទំនាក់ទំនងការទូតឡើងវិញហើយ កាលពីថ្ងៃពុធ (ទី២៤ ខែកញ្ញា)។

តាមរយៈការបង្ហោះសារ នៅលើបណ្ដាញសង្គម X លោក Zelenskyy បានរៀបរាប់ថា៖ «នៅថ្ងៃនេះ ប្រទេសអ៊ុយក្រែន និងស៊ីរី បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការស្តារទំនាក់ទំនងការទូតឡើងវិញ។ យើងសូមស្វាគមន៍ជំហានដ៏សំខាន់នេះ ហើយត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រប្រជាជនស៊ីរី នៅលើផ្លូវរបស់ពួកគេឆ្ពោះទៅកាន់ការមានស្ថិរភាព»។
ជាមួយគ្នានេះ លោក Zelenskyy បានបន្ថែមទៀតថា រូបលោក និងលោកប្រធានាធិបតី Ahmed al-Sharaa ក៏បានពិភាក្សាគ្នាយ៉ាងលម្អិតផងដែរ អំពីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ រវាងទីក្រុងគីវ និងទីក្រុងដាម៉ាស ជុំវិញការគំរាមកំហែងផ្នែកសន្តិសុខទៅវិញទៅមក និងសារៈសំខាន់នៃការប្រឆាំងសកម្មភាពទាំងនោះ។
មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា៖ «យើងបានយល់ព្រមកសាងទំនាក់ទំនងរបស់យើង ដោយឈរលើមូលដ្ឋាននៃការគោរព និងការទុកចិត្តគ្នាទៅវិញទៅមក»៕
