នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានលើកកម្ពស់ការហាមប្រាមមិនឲ្យប្រើប្រាស់បណ្ដាញសង្គម ចំពោះក្មេងជំទង់ នៅឯព្រឹត្តិការណ៍ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយនេះជាប្រទេសមានចំណាត់ការនេះដំបូងគេរបស់ពិភពលោក ដោយព្រមានថា បញ្ហាប្រឈមដែលបង្កឡើងដោយបណ្ដាញសង្គម ចំពោះកុមារ គឺ «មានការិវត្តទៅមុខជាលំដាប់»។
បណ្ដារដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះកិច្ចប្រឹងប្រែងរបស់អូស្ត្រាលី ក្នុងការក្លាយជាប្រទេសទី១ ដែលទប់ស្កាត់មិនឲ្យប្រើប្រាស់បណ្ដាញសង្គម ចំពោះអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ ដោយបម្រាមនេះចាប់ផ្តើមពីខែធ្នូតទៅ។

អូស្ត្រាលីចង់ឲ្យក្រុមហ៊ុនបណ្ដាញសង្គមប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យអាកប្បកិរិយា ដើម្បីប៉ាន់ប្រមាណអាយុរបស់អ្នកប្រើប្រាស់ និងមិនធ្វើការផ្ទៀងផ្ទាត់អាយុគ្រប់ទាំងអស់នោះឡើយ។
នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៤ ខែកញ្ញា នៅឯព្រឹត្តិការណ៍ការពារកុមារក្នុងយុគសម័យឌីជីថល នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លោក Albanese បានបញ្ជាក់ថា៖ «វា (បម្រាម) មិនមែនជាការធ្វើឡើងដោយមិនគិតគូរយ៉ាងដិតដល់នោះទេ ប៉ុន្តែវាគឺជាជំហានដ៏សំខាន់ ក្នុងទិសដៅត្រឹមត្រូវ»។
នៅក្នុងសុន្ទរកថារបស់លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា លោកស្រីត្រូវបាន «បំផុសគំនិតដោយគំរូរបស់ប្រទេសអូស្ត្រាលី»។ លោកស្រីបាននិយាយថា៖ «យើង នៅអឺរ៉ុប កំពុងមើល ហើយនឹងរៀនសូត្រពីអ្នក។ វាគឺជាការទទួលខុសត្រូវរបស់ពួកយើង ក្នុងការចាត់វិធានការ ដើម្បីការពារអ្នកជំនាន់ក្រោយ»។
គួរបញ្ជាក់ថា ច្បាប់ហាមប្រាមរបស់ប្រទេសអូស្ត្រាលី ត្រូវបានអនុម័តឲ្យក្លាយជាច្បាប់ជាធរមាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយមានគោលបំណងទប់ស្កាត់ក្មេងជំទង់ ក្នុងការបង្កើតគណនីបណ្ដាញសង្គម ពីអាយុបច្ចុប្បន្ន ១៣ឆ្នាំ ទៅអាយុ ១៦ឆ្នាំ៕
