មន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លោក Marco Rubio បានចេញការអំពាវនាវចំៗទៅកាន់សមភាគីរុស្ស៊ីឲ្យបញ្ឈប់ «ការសម្លាប់» នៅអ៊ុយក្រែន កាលពីថ្ងៃពុធ (ទី២៤ ខែកញ្ញា) ខណៈដែលគោលជំហររបស់ក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងមូស្គូ កាន់តែមានភាពតឹងរ៉ឹងជាងមុន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយថា លោក Rubio «បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកប្រធានាធិបតី Donald Trump ឲ្យបញ្ឈប់ការសម្លាប់នេះ និងតម្រូវការឲ្យទីក្រុងមូស្គូចាត់វិធានការដ៏មានអត្ថន័យ ឆ្ពោះទៅរកដំណោះស្រាយស្ថិតស្ថេរយូរអង្វែងនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន»។

ការអត្ថាធិប្បាយរបស់លោក Rubio បានកើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានសរសើរលោក Trump ក្រោយមេដឹកនាំអាមេរិកបង្ហាញការផ្លាស់ប្តូរមិននឹកស្មានដល់ ប្រឆាំងនឹងប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ដែលក្នុងនោះលោកបានលើកឡើងថា ទីក្រុងគីវមិនត្រឹមតែអាចឈ្នះសង្រ្គាម និងដណ្តើមយកដែនដីរបស់ខ្លួមកវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចពង្រីកវាបានទៀតផង។
ប៉ុន្តែយ៉ាងណាក្ដី មេដឹកនាំអ៊ុយក្រែនបានបង្ហាញការសង្ស័យកាលពីថ្ងៃពុធ ជុំវិញសមត្ថភាពរបស់អង្គការណាតូ (NATO) ក្នុងការធានាសន្តិសុខឲ្យទីក្រុងគីវ។
លោក Zelenskyy បាននិយាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា៖ «ដោយសារតែស្ថាប័នអន្តរជាតិ ហាក់ដូចជាខ្សោយពេក សកម្មភាពមិនមានវិចារណញ្ញាណនៅតែបន្តកើតឡើង។ សូម្បីតែជាផ្នែកមួយនៃសម្ព័ន្ធភាពយោធាដ៏យូរអង្វែង ក៏មិនមានន័យថា អ្នកមានសុវត្ថិភាពដោយស្វ័យប្រវត្តិនោះដែរ»៕


