ធនាគារអ៊ឺរ៉ុប សម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (EBRD) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ របស់ខ្លួនជាលើកដំបូង ក្នុងរយៈពេលជាង ១ឆ្នាំ ប៉ុន្តែបានព្រមានថា ឥទ្ធិពលពីពន្ធគយ និងសង្គ្រាម នឹងប៉ះពាល់ដល់កំណើននៅឆ្នាំ២០២៦។
របាយការណ៍ដែលក្ដោបលើសេដ្ឋកិច្ចនៅប្រទេសតំបន់អឺរ៉ុបដែលកំពុងរីកចម្រើន អាស៊ីកណ្តាល មជ្ឈិមបូព៌ា និងអាហ្រ្វិក បានបង្កើនទស្សនវិស័យកំណើនឆ្នាំ២០២៥ បន្តិច ដល់កម្រិត ៣,១ភាគរយ ប៉ុន្តែបានកត់សម្គាល់ពីភាពខុសប្លែកគ្នាដែលកំពុងកើនឡើង ដោយសារតែកំណើនរបស់ប្រទេសអឺរ៉ុបដែលកំពុងរីកចម្រើន មានល្បឿនយឺតជាងតំបន់ផ្សេង។

ការប៉ាន់ប្រមាណឆ្នាំ២០២៥ មិនរាប់បញ្ចូលសមាជិកថ្មីបំផុតរបស់ធនាគារអភិវឌ្ឍន៍នោះឡើយ គឺអ៊ីរ៉ាក់ និងបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្រ្វិកចំនួន ៦ ដែលរួមមានទាំងនីហ្សេរីយ៉ា កេនយ៉ា និងហ្គាណាផងដែរ ប៉ុន្តែប្រទេសទាំងនោះត្រូវបានបញ្ចូលនៅកន្លែងផ្សេងទៀត ក្នុងរបាយការណ៍នេះជាលើកដំបូង។
ប្រធានសេដ្ឋវិទូរបស់ EBRD លោកស្រី Beata Javorcik បានប្រាប់សារព័ត៌មានរ៉យទ័រថា របាយការណ៍ចុងក្រោយនេះ បានបង្ហាញឲ្យឃើញ «បញ្ហាប្រឈមជាច្រើន និងភាពខុសគ្នាជាច្រើន ក្នុងការអនុវត្ត រវាងប្រទេសអឺរ៉ុបដែលកំពុងរីកចម្រើន និងតំបន់ប្រតិបត្តិការផ្សេងទៀតរបស់យើង»។
ហើយលោកស្រី Javorcik បានព្រមានថា៖ «បំណុលកើនឡើង អតិផរណាកើតឡើងវិញ សង្រ្គាមអូសបន្លាយ និងពន្ធគយ កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចនៃបណ្ដាប្រទេស EBRD ទាំងអស់»៕
