ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ក្នុងអំឡុងពេលការចរចារបស់ខ្លួនជាមួយប្រទេសស៊ីរី អ៊ីស្រាអែលស្វែងរកការធានាដល់ការដកកម្លាំងយោធា ចេញពី ភាគនិរតីនៃប្រទេសស៊ីរី និងការធានាសន្តិសុខសម្រាប់សហគមន៍ជនជាតិភាគតិច Druze។

ការិយាល័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការចរចាជាមួយស៊ីរី កំពុងប្រព្រឹត្តទៅ។ ការសន្និដ្ឋានរបស់ពួកគេ គឺជាប់ទាក់ទងនឹងការធានាផលប្រយោជន៍របស់អ៊ីស្រាអែល ដែលរួមមានការដកកងកម្លាំងយោធាចេញពីភាគនិរតីនៃប្រទេសស៊ីរី និងការរក្សាសុវត្ថិភាព និងសន្តិសុខរបស់សហគមន៍Druze នៅក្នុងប្រទេសស៊ីរី»។
ប្រធានាធិបតីបណ្តោះអាសន្នស៊ីរីលោក Ahmed al-Sharaa បាននិយាយនៅខាងក្រៅសម័យប្រជុំលើកទី ៨០ របស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២២ ខែកញ្ញាថា ប្រទេសរបស់លោក «ចង់បញ្ចៀសសង្រ្គាមជាមួយអ៊ីស្រាអែល ពីព្រោះប្រទេសនេះ ត្រូវការសន្តិភាព ដើម្បីបន្តដំណើរការកសាងឡើងវិញ»។ លោកបានលើកឡើងថា អ្នកជិតខាងទាំងពីរ អាចយល់ព្រមលើវិធានការសន្តិសុខ ប៉ុន្តែ «អ៊ីស្រាអែល គួរតែដកកងកម្លាំងចេញពីទឹកដីស៊ីរី ក្នុងករណីណាក៏ដោយ»៕
