ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគណៈកម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ។
សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ឯកឧត្តម បានបន្ថែមទៀតថា នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការទទួលស្គាល់ពីស្ថាប័នសន្តិភាពលើពិភពលោក មកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពដ៏បរិបូណ៌ផូរផង់ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ៕

រូបភាព៖ ឯកសារ