នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរិះគន់ធ្ងន់ៗ ចំពោះបណ្ដាមេដឹកនាំដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណៈដែលលោកបានធ្វើដំណើរតម្រង់ទៅសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) នេះ សម្រាប់កិច្ចពិភាក្សា នៅសេតវិមាន និងការថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។
ការលើកឡើងរបស់លោក Netanyahu បានកើតមានឡើង ៣ថ្ងៃបន្ទាប់ពីប្រទេសបារាំងបានដឹកនាំកិច្ចប្រជុំកំពូលពិសេសមួយ នៅខាងក្រៅមហាសន្និបាតនេះ ដែលឃើញរដ្ឋាភិបាលលោកខាងលិចមួយចំនួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ស្របពេលសង្រ្គាមនៅតំបន់ហ្កាហ្សាជិត ២ឆ្នាំ បន្តមាន។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះនឹងថ្លែងទៅកាន់មហាសន្និបាត នៅថ្ងៃទី២៦ ខែកញ្ញា។

មុនពេលលោកចេញដំណើរ លោក Netanyahu បាននិយាយនៅឯអាកាសយានដ្ឋាន Ben Gurion ថា៖ «នៅឯមហាសន្និបាត ខ្ញុំនឹងនិយាយពីការពិតរបស់យើង ពោលគឺការពិតរបស់ពលរដ្ឋអ៊ីស្រាអែល ការពិតនៃទាហាន (អ៊ីស្រាអែល) និងការពិតនៃប្រទេសរបស់យើង»។
លោកបានបញ្ជាក់ថា៖ «ខ្ញុំនឹងថ្កោលទោសមេដឹកនាំទាំងនោះ ដែលជំនួសឲ្យការថ្កោលទោសឃាតករ អ្នករំលោភបំពាន និងអ្នកដុតកុមារ ចង់ផ្តល់ឲ្យពួកគេនូវរដ្ឋមួយនៅក្នុងបេះដូងរបស់ប្រទេសអ៊ីស្រាអែល។ រឿងនេះនឹងមិនកើតឡើងឡើយ»។
កាលពីថ្ងៃទី២៤ ខែកញ្ញា លោក Netanyahu បាននិយាយថា ភាពច្របូកច្របល់នៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ដែលរួមមានទាំងពីអង់គ្លេស និងបារាំងផងដែរនោះ «មិនបានបង្ខំឲ្យអ៊ីស្រាអែលអនុវត្តតាមមធ្យោបាយណាមួយឡើយ» ដោយបានហៅវាថា ជា «ការចុះញ៉មដ៏គួរឲ្យអាម៉ាស់របស់មេដឹកនាំមួយចំនួន ចំពោះភេរវកម្មប៉ាឡេស្ទីន»។ ហើយនៅថ្ងៃទី២៥ ខែកញ្ញា លោកបានបញ្ជាក់បន្ថែមថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ជាលើកទី៤ នៅទីក្រុងវ៉ាស៊ីនតោន៕
