នគរបាល នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ព្រះសង្ឃពុទ្ធសាសនាចំនួន ៧អង្គ ដែលរួមមានទាំងព្រះសង្ឃបរទេស ៣អង្គផងដែរ បានសុគត នៅពេលដែលរថយន្តរត់តាមខ្សែកាប ដែលព្រះសង្ឃទាំងអស់អង្គគង់ក្នុងនោះ បានដាច់ និងធ្លាក់ភ្លាមៗចូលជម្រាលភ្នំមួយ នៅភាគពាយព្យនៃប្រទេសស្រីលង្កា។

នគរបាលបាននិយាយថា ព្រះសង្ឃរងគ្រោះត្រូវបានឲ្យគង់យ៉ាងណែននៅក្នុងកាប៊ីនបណ្តោះអាសន្នតូចមួយ ខណៈដែលត្រូវនិមន្តទៅកាន់កន្លែងធ្វើសមាធិ នៅលើកំពូលភ្នំមួយ ក្នុងវត្តនៅព្រៃ Na Uyana កាលពីយប់ថ្ងៃពុធ។
មន្ត្រីនគរបាលម្នាក់បានប្រាប់សារព័ត៌មានថា៖ «មានព្រះសង្ឃ ១៣អង្គ គង់នៅក្នុងរថយន្តនោះ។ ២អង្គបានរួចពីគ្រោះថ្នាក់ ដោយមានរបួសស្រាល ប៉ុន្តែ ៤អង្គផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។ លោកបានបន្ថែមថា ក្នុងចំណោមព្រះសង្ឃដែលបានសុគត មានព្រះសង្ឃមកពីប្រទេសឥណ្ឌា រុស្សី និងរូម៉ានី។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខ្សែកាបបានដាច់ភ្លាមៗ ដោយបានធ្វើឲ្យរថយន្តនោះធា្លក់យ៉ាងលឿន ហើយទៅបុកដើមឈើ។ វត្តនេះស្ថិតនៅចម្ងាយ ១៣០គីឡូម៉ែត្រ នៅភាគឦសាននៃរដ្ឋធានីកូឡុំបូ៕

