ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU)ស្តីពីការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច (SMRs) នៅក្នុងប្រទេសអ៊ីរ៉ង់។
អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខារវាងលោក Mohammad Eslami ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) និងលោក Alexey Likhachev ប្រធានសាជីវកម្មថាមពលបរមាណូរដ្ឋ Rosatom របស់រុស្ស៊ី នៅទីក្រុងមូស្គូ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅលើគេហទំព័ររបស់ AEOI ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា អនុស្សរណៈនេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ពង្រឹងសន្តិសុខថាមពល និងបច្ចេកវិទ្យាជឿនលឿន ដោយអនុលោមតាមបទប្បញ្ញត្តិជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា នៅក្រោមអនុស្សរណៈនៃការយោគយល់នេះ ភាគីទាំងពីរ នឹងរៀបចំនិងចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការរចនានិងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដោយផ្អែកលើ SMRs នាពេលអនាគត៕
