រដ្ឋអាជ្ញា ដែលធ្វើការជាមួយនគរបាលរបស់ន័រវែស បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) នេះថា អាជ្ញាធរន័រវែសបានរឹបអូសយានដ្រូនដែលបង្ហោះដោយជនបរទេស នៅជិតអាកាសយានដ្ឋានរបស់ទីក្រុង Oslo បន្ទាប់ពីយានដ្រូននាំឲ្យមានការរំខានដល់ការហោះហើរជាច្រើន ទាំងនៅក្នុងប្រទេសន័រវែស និងដាណឺម៉ាក ក្នុងសប្តាហ៍នេះ។
បុរសម្នាក់ដែលមានវ័យចន្លោះ ៥០ឆ្នាំ កំពុងបង្ហោះយានដ្រូនរបស់ខ្លួន នៅក្នុងតំបន់ហាមឃាត់ តែមិនមានប៉ះពាល់ដល់ចរាចរណ៍ផ្លូវអាកាសឡើយ។ នេះបើតាមការឲ្យដឹងពីលោកស្រី Lisa Mari Lokke ប្រធានមន្ត្រីបណ្ដឹងសាធារណៈ នៅនាយកដ្ឋាននគរបាល នៅភាគខាងកើតនៃប្រទេសន័រវែស។
លោកស្រីបានបន្ថែមថា មា្ចស់ដ្រូននោះមិនត្រូវបានចាប់ខ្លួនទេ ប៉ុន្តែនឹងត្រូវបាននគរបាលសាកសួរ ខណៈលោកស្រីបដិសេធមិនបញ្ជាក់សញ្ជាតិរបស់បុរសនោះឡើយ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីសេចក្តីរាយការណ៍ពីការឃើញយានដ្រូន បានបង្ខំឲ្យមានការបិទជាបណ្តោះអាសន្ន សម្រាប់អាកាសយានដ្ឋាន នៅក្នុងបណ្ដាប្រទេសតំបន់អឺរ៉ុបខាងជើង នាសប្តាហ៍នេះ ក្នុងនោះរួមទាំងនៅទីក្រុង Oslo និងទីក្រុង Copenhagen របស់ប្រទេសដាណឺម៉ាកផងដែរ។
ពេញមួយយប់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ចរាចរណ៍ផ្លូវអាកាស នៅអាកាសយានដ្ឋាន ក្នុងទីក្រុង Oslo ត្រូវបានផ្អាកប្រហែល ៣ម៉ោង បន្ទាប់ពីការឃើញយានដ្រូន ត្រូវបានរាយការណ៍៕