យោធាទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូង នៅថ្ងៃសុក្រ (២៦ កញ្ញា) នេះ បានបាញ់ព្រមានទៅលើនាវាពាណិជ្ជកម្មរបស់កូរ៉េខាងជើង ដែលជិះឆ្លងកាត់បន្ទាត់ព្រំដែនសមុទ្រ ក្នុងដែនទឹកជម្លោះ នៅឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ ហើយនាវានោះបានដកថយទៅវិញ។

នាយសេនាធិការរួមរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឆ្លងបន្ទាត់ព្រំដែនទឹកនៅព្រឹកថ្ងៃសុក្រនេះក៏មានការពាក់ព័ន្ធនឹងការព្រមានដោយពាក្យសំដី ដែលយោធាកូរ៉េខាងត្បូង បានបញ្ជូនទៅកាន់នាវាកូរ៉េខាងជើង តាមរយៈវិទ្យុទាក់ទង ហើយប្រតិបត្តិការនេះបានអនុវត្តតាមពិធីការស្តង់ដារ។
ដែនទឹកនៅជុំវិញព្រំដែនសមុទ្រ ដែលគេហៅថា បន្ទាត់ដែនកំណត់ភាគខាងជើង (Northern Limit Line) ត្រូវបានគូរឡើងបន្ទាប់ពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ហើយទីនោះគឺជាកន្លែងនៃការប៉ះទង្គិចគ្នាជាញឹកញាប់រវាងកងទ័ពជើងទឹករបស់ភាគីទាំងពីរនាពេលកន្លងមក។ កូរ៉េខាងជើង មិនទទួលស្គាល់ខ្សែបន្ទាត់នោះថាជាព្រំដែនផ្លូវការឡើយ៕

