កូរ៉េខាងជើង៖ រដ្ឋាភិបាលនានាក្នុងតំបន់បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធសង្ស័យថា ជាមីស៊ីលផ្លោងបាលីស្ទីកយ៉ាងហោចណាស់ ១គ្រាប់ចូលទៅក្នុងសមុទ្រក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យ ៣០ មករានេះ ជាការសាកល្បងលើកទី៧ របស់ប្រទេសអាវុធនុយក្លេអ៊ែរមួយនេះនៅក្នុងខែនេះ។
រដ្ឋាភិបាលជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលដែលអាចជាមីស៊ីលផ្លោងបាលីស្ទីក ខណៈដែលអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានរាយការណ៍ពីការបាញ់អាវុធមិនស្គាល់ប្រភេទ ដោយមិនបានបញ្ជាក់លម្អិត។ ប្រសិនបើមានការបញ្ជាក់ វាអាចនឹងធ្វើឱ្យខែមករាក្លាយជាកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងដែលមមាញឹកបំផុតមិនធ្លាប់មាន ដែលអ្នកវិភាគនិយាយថា កំពុងពង្រីក និងអភិវឌ្ឍសមត្ថភាពថ្មី បើទោះបីជារងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង និងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមប្រាមការសាកល្បងមីស៊ីលផ្លោងរបស់ប្រទេសនេះក៏ដោយ។ នៅក្នុងសុន្ទរកថានៅមុនចូលឆ្នាំថ្មី មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានអំពាវនាវឱ្យពង្រឹងវិស័យយោធាជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត នៅពេលដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានជាប់គាំង៕
អត្ថបទ៖ សុខមាន