រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍របស់អូស្ត្រាលី លោក Don Farrell បាននិយាយកាលពីថ្ងៃពុធ (២៤ កញ្ញា) ថា ប្រទេសអូស្ត្រាលី កំពុងជំរុញឱ្យមានទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅខ្លាំងឡើងជាមួយតំបន់អាស៊ីអាគ្នេយ៍ ក្នុងពេលដែលប្រទេសមួយចំនួនកំពុងដកថយពីពាណិជ្ជកម្មសេរី និងយុត្តិធម៌។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNA នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៧ (AEM) និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅម៉ាឡេស៊ី លោក Farrell បាននិយាយថា តំបន់អាស៊ីអាគ្នេយ៍ នៅតែជាចំណុចសំខាន់បំផុតសម្រាប់យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ទីក្រុងកង់បេរ៉ា។

ប្រមុខពាណិជ្ជកម្មរូបនេះបន្ថែមថា "យុគសម័យមាសរវាងអូស្ត្រាលី និងអាស៊ីអាគ្នេយ៍ ទើបតែចាប់ផ្តើម ហើយអូស្ត្រាលីឱ្យតម្លៃខ្លាំងលើទំនាក់ទំនងជាមួយអាស៊ាន។ រដ្ឋាភិបាលរបស់ទីក្រុងកង់បេរ៉ា កំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំ និងល្អប្រសើរជាមួយប្រទេសនៅជិតខាងបំផុត"។ លោកបន្ថែមថា "សេដ្ឋកិច្ចអាស៊ានកំពុងតែកើនឡើង និងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយអូស្ត្រាលី ចង់ក្លាយជាផ្នែកនៃរឿងកំណើននោះ"។

អូស្ត្រាលី គឺជាផ្នែកមួយនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ដែលរួមបញ្ចូលសមាជិកអាស៊ានទាំង១០ ក៏ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ផងដែរ។ អាស៊ានក៏ជាដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់អូស្ត្រាលី ដែលមានចំនួន ១៥% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសនេះ៕