កងកម្លាំងអ៊ីស្រាអែលបានរុលចូលកាន់តែជ្រៅទៅក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈនាយករដ្ឋមន្ត្រី Benjamin Netanyahu បានធ្វើដំណើរទៅកាន់ទីក្រុង New York ដើម្បីថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ស្របពេលលោកប្រធានាធិបតីអាមេរិក Donald Trump កំពុងស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា។

អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ នាក់នៅទូទាំងដែនដីប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។ នោះរួមទាំងមនុស្ស ១១ នាក់មកពីគ្រួសារពីរនៅក្នុងទីប្រជុំជន Zawayda កណ្តាលដែនដីហ្កាហ្សា ស្ទ្រីប ជាកន្លែងដែលយន្តហោះបានទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋានមួយ។
យោធាអ៊ីស្រាអែលពុំបានធ្វើអត្ថាធិប្បាយលើឧបទ្ទវហេតុនេះទេ ប៉ុន្តែបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅចំនួន១៧០កន្លែង នៅទូទាំងតំបន់ហ្កាហ្សាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ និងបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធដើម្បីវាយប្រហារទាហានរបស់ខ្លួន។ កម្លាំងរបស់ខ្លួនបានចូលជ្រៅក្នុងទីក្រុងហ្កាហ្សា។
លោក Netanyahu បានប្រកាសថា នឹងមិនមានរដ្ឋប៉ាឡេស្ទីនឡើយ បើទោះបីជាចក្រភពអង់គ្លេស បារាំង កាណាដា និងប្រទេសផ្សេងទៀត ក្នុងសប្តាហ៍នេះ បានទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីនក៏ដោយ៕

