ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ និងរងរបួសជាង១៤០នាក់នៅក្នុងរដ្ឋធានីសាណាគ្រប់គ្រងដោយក្រុមហ៊ូទីនៅប្រទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមបានបើកការវាយប្រហារដោយយានដ្រូនទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

កងកម្លាំងអ៊ីស្រាអែលបាននិយាយថា ពួកគេបានវាយប្រហារទៅលើគោលដៅជាច្រើនកន្លែងដែលមានទំនាក់ទំនងជាមួយក្រុមហ៊ូទីនៅក្នុងទីក្រុង ហើយបានព្រមានពីការវាយប្រហារបន្ថែមទៀតដែលនឹងធ្វើឡើង។ ប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ូទីនិយាយថាទីតាំងមួយកន្លែងក្នុងចំណោមទីតាំងជាច្រើន ដែលត្រូវបានគេវាយប្រហារគឺជាមន្ទីរឃុំឃាំង។

យោធាអ៊ីស្រាអែលបាននិយាយថា «មីស៊ីលមួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែនត្រូវបានស្ទាក់ចាប់» បន្ទាប់ពីសំឡេងស៊ីរ៉ែនបានរោទិ៍ឡើងនៅប្រទេសអ៊ីស្រាអែលភាគកណ្តាល។ អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលក្រុមហ៊ូទី លោក Anees Alasbahi បាននិយាយនៅលើបណ្តាញ X ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៨នាក់ និង ១៤២ នាក់បានរងរបួស ហើយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែក។
ទូរទស្សន៍ Al-Masirah គ្រប់គ្រងដោយក្រុមហ៊ូទី បាននិយាយថា អ៊ីស្រាអែលបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ និងមណ្ឌលកែប្រែដែលដាក់អ្នកទោស និងអ្នកជាប់ឃុំ។
ប៉ុស្តិ៍ទូរទស្សន៍បានរាយការណ៍ថា ស្ថានីយ៍ថាមពល និងសង្កាត់លំនៅឋានចំនួនពីរកន្លែងត្រូវបានវាយប្រហារ ដោយចែករំលែករូបភាពនៃអគារដែលត្រូវបានទម្លាក់គ្រាប់បែក និងដងផ្លូវដែលពេញដោយកម្ទេចកម្ទី។