មនុស្សយ៉ាងហោចណាស់១៧នាក់ត្រូវបានសម្លាប់នៅក្នុងកុបកម្មពន្ធនាគារនៅក្នុងប្រទេសអេក្វាឌ័រ ជាការប៉ះទង្គិចគ្នាក្នុងពន្ធនាគារលើកទីពីរ ដែលបានកើតឡើងនៅក្នុងប្រទេស ក្នុងសប្តាហ៍នេះ។

ការប្រយុទ្ធគ្នាកាលពីថ្ងៃព្រហស្បតិ៍ បានផ្ទុះឡើងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Esmeraldas ជិតព្រំដែនប្រទេសកូឡុំប៊ី។ តាមសេចក្តីរាយការណ៍ នគរបាលបានរកឃើញអ្នកទោសស្លាប់នៅខាងក្នុងបន្ទប់ឃុំឃាំងរបស់ពួកគេ ហើយរូបភាពដែលត្រូវបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បង្ហាញថាពីជនរងគ្រោះបានដេកនៅលើដី ខ្លួនប្រឡាក់ទៅដោយឈាម ហើយយ៉ាងហោចណាស់សាកសពពីរនាក់ក្នុងចំណោមជនរងគ្រោះ ត្រូវបានកាត់ក្បាល។

កាលពីដើមសប្តាហ៍នេះ កុបកម្មនៅពន្ធនាគារដែលបង្កឡើងដោយការប្រយុទ្ធគ្នារបស់ក្រុមជនអន្ធពាលនៅភាគខាងត្បូងប្រទេសអេក្វាឌ័របានសម្លាប់មនុស្ស១៤នាក់ និងរងរបួស១៤នាក់ផ្សេងទៀត នេះបើយោងតាមអធិការនគរបាលក្នុងតំបន់។ អធិការ លោក William Calle បានប្រាប់បណ្តាញទូរទស្សន៍ Ecuavisa ថា អ្នកទោសនៅទីក្រុងកំពង់ផែ Macchala ភាគខាងត្បូងទីក្រុង Guayaquil បានប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរកាលពីថ្ងៃចន្ទ ដោយបានសម្លាប់ឆ្មាំពន្ធនាគារម្នាក់ និងចាប់ពង្រត់មន្រ្តីនគរបាលច្រើននាក់។
ប្រទេសអេក្វាឌ័រមានប្រវត្តិនៃអំពើហិង្សាក្នុងពន្ធនាគារយ៉ាងធ្ងន់ធ្ងរ ដោយអ្នកទោសជាង១០០នាក់ត្រូវបានសម្លាប់ និងរងរបួសជាង៥០នាក់នៅទីក្រុង Guayaquil ក្នុងឆ្នាំ២០២១ ក្នុងកុបកម្មមួយរវាងក្រុមជនអន្ធពាលជាគូប្រជែងនៅក្នុងពន្ធនាគារ ជាការសម្លាប់រង្គាលក្នុងពន្ធនាគារធំបំផុតរបស់ប្រទេសអេក្វាឌ័រ។