អជ្ញាធរកោះតៃវ៉ាន់ បានបន្តប្រតិបត្តិការស្វែងរកនៅថ្ងៃសុក្រ (២៦ កញ្ញា) នេះ សម្រាប់មនុស្សមួយចំនួនដែលកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុងរ៉ាហ្គាសា (Ragasa) ដ៏កំណាច បានបង្កការជន់លិចពីលើទីប្រជុំជន Guangfu ដ៏តូចមួយរបស់កោះ នៅតំបន់ឆ្នេរសមុទ្រភាគខាងកើតដាច់ស្រយាល។ អ្នកបាត់ខ្លួនក្នុងគ្រោះមហន្តរាយនេះភាគច្រើនជាមនុស្សវ័យចំណាស់ ដោយសារពួកគេមិនអាចធ្វើតាមការណែនាំជម្លៀសខ្លួនឡើងទៅជាន់លើក្នុងលំនៅឋានបាន។

ចំនួនអ្នកស្លាប់ក្នុងព្យុះត្រូវបានកែសម្រួលចុះមកត្រឹម ១៤នាក់ ហើយកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលនាំមកដោយឥទ្ធិពលព្យុះទីហ្វុងរ៉ាហ្គាសា ទៅកាន់ស្រុក Hualien របស់កោះតៃវ៉ាន់ ដែលបណ្តាលឱ្យទឹកជំនន់យ៉ាងគំហុកហូរជះទៅលើទីប្រជុំជនភូមិ Guangfu ។
ក្រុមអ្នកជួយសង្គ្រោះកំពុងដើរឆ្លងកាត់ល្បប់ភក់ដ៏ក្រាស់ និងកម្ទេចកម្ទី ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងទីប្រជុំជន Guangfu ខណៈគ្រឿងចក្រកាយដី កំពុងប្រតិបត្តិការជីកកាយល្បប់ភក់នៅទីនោះ ហើយផ្ទះសម្បែងមួយចំនួនរងការខូចខាត។
មន្ត្រីជាន់ខ្ពស់របស់ស្រុក Hualien បាននិយាយថា មនុស្សវ័យចំណាស់ដែលមានពិការភាព គឺជាអ្នកស្លាប់ភាគច្រើនក្នុងចំណោមតួលេខសរុប ហើយសាកសពត្រូវបានរកឃើញនៅជាន់ទីមួយនៃផ្ទះរបស់ពួកគេ។ មិត្តភក្តិ និងក្រុមគ្រួសារអ្នកបាត់ខ្លួនបន្ទាប់ពីទឹកជំនន់នៅភាគខាងកើតកោះតៃវ៉ាន់ កំពុងសោកសៅ និងរង់ចាំដំណឹងយ៉ាងអន្ទះសារពីអាជ្ញាធរ៕

