អាជ្ញាធរនៅប្រទេសម៉ាដាហ្គាស្ការ កាលពីថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) បានដាក់បម្រាមគោចរពីព្រលប់ ដល់ព្រឹកព្រលឹម ក្នុងរដ្ឋធានី បន្ទាប់ពីការតវ៉ាបានក្លាយទៅជាហិង្សា ជុំវិញការដាច់អគ្គិសនីញឹកញាប់ពេក និងកង្វះខាតទឹក នេះបើយោងតាមមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់។

សាក្សីក្នុងបាតុកម្មដ៏កម្រោលនោះបាននិយាយប្រាប់សារព័ត៌មានរ៉យទ័រថា នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករជាយុវជនរាប់ពាន់នាក់ ដែលភាគច្រើនកំពុងដើរដង្ហែក្បួន និងកាន់បដាតវ៉ា នៅរដ្ឋធានី អង់តាណា ណារីវ (Antananarivo)។ បាតុកររិះគន់រដ្ឋាភិបាលរបស់ប្រទេសកោះអាហ្វ្រិកខាងកើតមួយនេះ និងទាមទារស្ដារប្រព័ន្ធទឹក និងអគ្គិសនីដែលគួរឱ្យទុកចិត្តបាននៅទូទាំងប្រទេស។
ឧត្តមសេនីយ Angelo Ravelonarivo ដែលជាប្រធានអង្គភាពសន្តិសុខរួមរបស់ប្រទេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ដើម្បីការពារ "ប្រជាជន និងទ្រព្យសម្បត្តិរបស់ពួកគេ" កងកម្លាំងសន្តិសុខបានសម្រេចចិត្តដាក់បម្រាមគោចរចាប់ពីម៉ោងក្នុងស្រុក ៧យប់តទៅ រហូតដល់ម៉ោង ៥ព្រឹក "រហូតដល់សណ្តាប់ធ្នាប់សាធារណៈត្រូវបានស្តារឡើងវិញ"។
អ្នកស្រុកនិយាយថា ក្នុងអំឡុងពេលនៃការតវ៉ាកាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ ផ្សារទំនើបដ៏ធំមួយនៅក្នុងរដ្ឋធានីត្រូវបានគេចូលលួច ហើយបន្ទាប់មកត្រូវដុតបំផ្លាញ ចំណែកលំនៅឋានរបស់សមាជិកសភា ២រូបក៏ត្រូវបានលួច និងបំផ្លិចបំផ្លាញផងដែរ។ បន្ទាប់ពីការតវ៉ាត្រូវបានរំសាយ ហ្វូងបាតុករក៏បានពង្រីកសកម្មភាពនេះទៅក្នុងសង្កាត់ផ្សេងៗនៃរដ្ឋធានី៕


